សម្ដេច ហ៊ុន សែន ៖ ក្រុមប្រឆាំងកំពុងសង្ស័យគ្នា ជុំវិញការធ្លាយគម្រោង សម រង្ស៊ី ចូលវៀតណាម

ភ្នំពេញ ៖ ជុំវិញគម្រោងផែនការរបស់លោក សម រង្ស៊ី ចូលវៀតណាមដែលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទម្លាយចេញកាលពីសប្តាហ៍មុននោះ ត្រូវបានសម្តេចសើចចំអកទៅក្រុមប្រឆាំងថា ពួកគេកំពុងតែដាក់ការសង្ស័យលើគ្នាទៅវិញទៅមកហើយ អំពីការបែកធ្លាយព័ត៌មានសំងាត់នេះ។

ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃ១៣ មិថុនា សម្ដេចតេជោបានបន្តទម្លាយនូវផែនការសម្ងាត់របស់ក្រុមប្រឆាំងដែលសម្តេចឲ្យនាម ជាពួកជ្រុលនិយមថា មានការប្រជុំតាមបណ្តាញអនឡាញ់ Zoom នៅសហរដ្ឋអាមេរិក ប៉ុន្តែសំឡេងទាំងអម្បាញ់ម៉ាន់ របស់ពួកគេបានធ្លាក់មកដល់ដៃសម្ដេចជាបន្តបន្ទាប់។ ក្នុងនោះសម្តេចគូសបញ្ជាក់ថា ពួកគេបានណែនាំឲ្យធ្វើយុទ្ធនាការ Wifi មិនឲ្យពលរដ្ឋទៅបោះឆ្នោតដែលសម្តេចបានស្គាល់យ៉ាងច្បាស់ថា ជាសំឡេងរបស់ លោក រី គា ជាអតីតអគ្គលេខាគណបក្សសង្គ្រោះជាតិប្រចាំអាមេរិក ។

សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា ជាមួយគ្នានេះក៏មានសំឡេងមួយទៀត ពួកគេជួបប្រជុំគ្នាតាមZoom នៅបារាំង ក៏សំឡេងនេះបានមកដល់សម្តេចដែរ ។ សម្តេចសង្កត់ធ្ងន់ទៀតថា “នេះគ្រាន់តែថា អ្នកឯងពីថ្ងៃនេះតទៅ គឺអត់មានឱកាសដើម្បីនិយាយឲ្យបិទទេ ហើយអ្នកឯងកំពុងសង្ស័យថា អ្នកណាដែលនៅតុបាយហើយទៅប្រាប់ ហ៊ុន សែន ថាកំពុងត្រៀមចូលទៅវៀតណាម ដោយប្រើបាស្ព័រប៉អឹម អាហ្នឹងកំពុងដាក់ការសង្ស័យពេញទឹកពេញដី”។

សម្ដេច ហ៊ុន សែន ក៏បានឌឺដងថា ទោះបីជាយ៉ាងណា សម្ដេចមិនប្រាប់ពួកគេទេថា អ្នកណាជាអ្នកលួចផ្តល់ព័ត៌មានមកសម្តេច។ ដោយសម្តេចសើចចំអកថា “ប៉ុន្តែទាល់តែអ្នកកាប់មនុស្ស នៅជុំវិញអ្នកឯងសម្លាប់ចោល ទុកតែអ្នកឯងម្នាក់ទើបអស់មនុស្សរបស់ហ៊ុន សែន”។

សូមរំលឹកថា កាលពីថ្ងៃ៧ មិថុនា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមិត្តវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយគ្នា ត្រូវចាប់ខ្លួនលោក សម រង្ស៊ី បើសិនឃើញវត្តមាននៅវៀតណាម។ ការស្នើសុំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្តេចបានទទួលនូវព័ត៌មានសំងាត់មួយមកថា លោក សម រង្ស៊ី គ្រោងនឹងមកវៀតណាម ក្នុងនាមជាភ្ញៀវទេសចរមកទស្សនាវៀតណាម ដោយប្រើប៉ាស្ព័រសញ្ញាតិបារាំង។ ជាមួយគ្នានេះ សម្តេចក៏បានព្រមានផងដែរថា ប្រសិនបើមិនវៀតណាមមិនព្រមចាប់ខ្លួន បុគ្គលដែលជាទណ្ឌិតនេះទេ វៀតណាមពិតជាមានបញ្ហាជាមួយកម្ពុជាហើយ ៕