កំពត៖ ស្នងការនគរបាលខេត្តកំពត បាន ហៅ ឧកញ៉ា នួន អក ទៅដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងទិញដី តែមិនទទួលបានប្លង់កម្មសិទ្ធិ ខណៈមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលខេត្ត ឱ្យជួយដោះស្រាយជាបន្តបន្ទាប់។
តាមរយៈទំព័រហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានសរសេរថា “សុទ្ធតែជាមេរៀនល្អៗរបស់លោក នួន អក ខ្លាំងជាងមហាសេដ្ឋីពិភពលោកទៀត ពូកែម្លឹងៗសង្ឃឹមថានិងមកដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋខ្ញុំក្នុងពេលឆាប់ៗនេះ មកជួបប្រជាពលរដ្ឋខ្ញុំដោយខ្លួនឯងទៅ កុំចាំខ្ញុំទៅអញ្ជើញលោកដោយផ្ទាល់អី”។
សូមបញ្ជាក់ថា លោកឧកញ៉ា នួន អក កំពុងរងបណ្ដឹងច្រើនណាស់ពីពលរដ្ឋរងគ្រោះ ដែលបានទិញដីឡូតិ៍ក្នុងគម្រោងជាច្រើននៅក្នុងខេត្តកំពត ។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏ធ្លាប់មានស្ត្រីរងគ្រោះម្នាក់ប្ដឹងលោកឧកញ៉ា នួន អក ទៅកាន់សាលាខេត្តកំពត ផងដែរ ពាក់ព័ន្ធករណីទិញដីឡូតិ៍គម្រោងឌឺសាគូរ៉ាផាក របស់លោកឧកញ៉ារូបនេះ បង់លុយគ្រប់ជាច្រើនឆ្នាំ ប៉ុន្តែមិនបានប្លង់ដី ហើយពេលនោះដោយសារតែខ្លាចមហាជនដឹងពីអំពើទុច្ចរិតរបស់ខ្លួន ទើបលោកឧកញ៉ា សម្បូររឿងអាស្រូវរូបនេះព្រមសងលុយទៅជនរងគ្រោះដើម្បីបញ្ចប់រឿង៕