សម្តេច ហ៊ុន សែន ៖ កងទ័ពខ្មែរ មិនត្រឹមការពារទឹកដី តែក្លាយជាកម្លាំងរក្សាសន្តិភាព នៅប្រទេសមួយចំនួន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសមត្ថភាព ជាបន្តបន្ទាប់របស់កងទ័ពកម្ពុជាថា មិនត្រឹមតែជាកម្លាំងស្នូលទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាព នៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិទៀតផង។

នេះជាប្រសាសន៍សម្តេច នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២ មិថុនា ។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បន្ថែមថា គ្រប់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព ពីព្រោះជាបុព្វលក្ខខណ្ឌ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើននៃប្រជាជាតិនីមួយៗ ជាពិសេសការធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ តាមរយៈនេះ អាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទដែលតែងបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងបុព្វហេតុដើម្បីជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល។

សូមបញ្ជាកថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត៩ពាន់នាក់ចេញបំពេញ ក្នុងប្រទេសមួយចំនួន ៖ ស៊ូដង់ ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា៕