ស្វាយរៀង៖ ក្រុមការងារនៃរដ្ឋបាលខេត្តស្វាយរៀង បានសម្រេចដកបង្គោលនៅលើដីស្ថានីយ៍ដែលបានបោះបង្គោល ចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំងរបស់រដ្ឋ ចំនួន៥០ហិកតា និងដកកូនកៅស៊ូចំនួន ២៥០ដើម ក្រោយពីរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំនិងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផលលើដីព្រៃរបស់រដ្ឋរួចមក។
ការសម្រេចដកខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៣ ក្រោមដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសដីព្រៃឈើនៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំងស្រុករមាសហែក ដោយ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងដែលជា តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត។
បេសកកម្មនេះ ក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារ អស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកនិងកងកម្លាំងទាំងបី និងសមត្ថកិច្ចពាក់ព័ន្ធសរុបចំនួន៧៣នាក់ផងដែរ ។
លោក ម៉ែន អេងបញ្ជាក់ថា ដោយយោងតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្ដីអំពីការទប់ស្កាត់និងបង្ក្រាបការរុករានទន្ទ្រានដីរដ្ឋ ដែលនៅពេលកន្លងមកមានប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក, ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីរដ្ឋចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអាណាធិបតេយ្យនេះបណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងប្រជាពលរដ្ឋ ៧៨គ្រួសារ ពាក់ព័ន្ធទៅនឹង ដី ៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតាតែប៉ុណ្ណោះ៕