ភ្នំពេញ៖ សម្តេច ហ៊ុន សេន ប្រមុខនៃរាជរដ្ឋាភិបាល បានលើកឡើងថា ការចងក្រងសមាគមឧកញ៉ាមិនមែនជាការចងក្រងបណ្តាញ ឬបក្សពួកនោះឡើយ ប៉ុន្តែកន្លងមកបណ្តាឧកញ៉ាតែងចូលរួមជួយសង្គមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងបង្ហាញពីវប្បធម៌ចែករំលែក និងសាមគ្គីភាព។
ការលើឡើងរបស់សម្តេច ហ៊ុន សែន ខាងលើនេះធ្វើឡើងនៅ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok ។
សម្តេច ហ៊ុន សែន បន្តថា ការចងក្រងសមាគមឧកញ៉ាកម្ពុជា គឺជាការធ្វើឡើងស្របតាមគោលបំណងរបស់សម្តេច ដើម្បីចងក្រងគ្នាធ្វើសកម្មភាពនានា ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ សម្តេច បានថ្លែងនូវការកោតសរសើរដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានប្រឹងប្រែងធ្វើកិច្ចការមួយនេះបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏ប្រកាសផ្តល់ទំនុកចិត្តដល់អ្នកឧកញ៉ា លី យ៉ុងផាត់ សម្រាប់ការវាយតម្លៃ ដើម្បីផ្តល់បណ្ណសរសើរ និងគ្រឿងឥស្សរយសសម្រាប់កិច្ចខិតខំប្រឹងរបស់សមាជិកសមាគមដល់ចំពោះជាតិ និងប្រជាជន។
បន្ថែមពីនេះ សម្តេច ហ៊ុន សែនបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ ក្នុងនោះ៥ឆ្នាំចុងក្រោយនេះ ទុនវិនិយោគក្នុងស្រុកតែងជាប់លេខរៀងទី១ ឬទី២ ហើយការវិនិយោគក្នុងស្រុកបានរួមចំណែកធំធេងក្នុងសង្គមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។សម្តេចតេជោបានមានប្រសាសន៍ថា ការចម្រើនលូតលាស់របស់ជាតិប្រកបដោយថាមវន្ត មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងជនរួមជាតិនោះឡើយ។
ជាមួយគ្នានោះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់ឧកញ៉ារក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។សម្តេចតេជោក៏បានអំពាវនាវដល់ឧកញ៉ាត្រូវប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។
សម្តេច ក៏បានសូមណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការ សកម្មភាពបីឆ្នាំរំកិល ដែលបាន កំណត់ ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ សម្តេច ពិតជាមានមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេច ហ៊ុន សែន មានសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រួស និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និងសកលលោក។
បើតាម សម្តេច ហ៊ុន សែន បច្ចុប្បន្នកម្ពុជាមានគោរមងា ឧកញ៉ាមានកម្រិតថ្នាក់ចំនួន២ថ្នាក់ គឺឧកញ៉ា និងអ្នកឧកញ៉ា ដែលនៅពេលខាងមុខ នឹងមានមួយថ្នាក់ទៀតគឺលោកអ្នកឧកញ្ញ៉ា ដែលពីអតីតកាលក៏មានការតែងតាំង និងគោរម្យងារដ៏សំខាន់មួយនេះផងដែរ៕