ឃាត់ខ្លួនយុវជនវ័យក្មេងម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះម្នាក់ ក្នុងសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ៖ កម្លាំងជំនាញនៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាប និងឃាត់ខ្លួនយុវជនវ័យ១៦ឆ្នាំ ពាក់ព័ន្ធ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះម្នាក់ នៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំ និងបញ្ជាផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក ប៊ុត ស៊ីម៉េង បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញា រហូតឃាត់ខ្លួនបាន ជនសង្ស័យ។

ជនសង្ស័យឈ្មោះ ផ្កា រំចេក ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០៖២០នាទីត្រង់ចំណុចផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានធ្វេីសកម្មភាពបានចំនួន០១ករណី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦៖០០នាទី បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងឈប់ម៉ូតូបានសំរេចនៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ៤៨៨ ក្រុមទី១៤ ភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សំភារះដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JX-8452។ បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យនឹងវត្ថុតាងខាងលេី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕