ភ្នំពេញ៖ ពីរនាក់ប្ដីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង យកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេល បោះចោលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, ជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់ខ្លួនបាន។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី១០ ខែមិថុនានេះ ឱ្យដឹងថា ករណីខាងលើនេះ ត្រូវបានគេ ប្រទះឃើញសាកសពមនុស្សស្រីរុំកន្ទេល ផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ បង្ក្រាបបានហើយ។
ប្រភពដដែលនេះបន្តថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយមានការចង្អុលបង្ហាញពី លោក នេត សាវឿង អគ្គស្នងការនគរបាលជាតិ,លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកលោក ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការដ្ឋាននគររាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ ដែលជាម្ចាស់ គ្លីនិកពិគ្រោះជំងឺ ប៉ ខាង រួមមាន ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី និង ទី២៖ ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។
ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។
ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរីកាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕