ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា គឺជាប្រតិបត្តិករតែមួយគត់ដែលបាននាំត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ដែលយើងបានបាត់បង់ជាង ៥០០ ឆ្នាំកន្លងមកហើយ និងបាននាំមកនូវសម័យកាលដ៏រុងរឿងដូចពេលបច្ចុប្បន្ន ជា “សម័យតេជោសន្តិភាព”។
នេះ គឺជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហរ និងមូលដ្ឋាននៃការបង្រួបបង្រួមជាតិ ដោយមិនយកខ្មែរណាជាសត្រូវ ហើយអាចរួមរស់នៅជាមួយគ្នាក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្តែង កន្លងមក សង្គ្រាមផ្នែកយោធាត្រូវបានបញ្ចប់ ហើយរហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាក៏នៅបន្តឈ្នះសមរភូមិបេះដូងប្រជាពលរដ្ឋ តាមរយៈអំពើល្អរបស់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំតាមគ្រប់យន្តការ និងគ្រប់លទ្ធភាព។
លោកថ្លែងថា ក្នុងនាមជាសកម្មជនយុវជនរបស់គណបក្សប្រជាជនកម្ពុជា, យើងគ្រប់គ្នាមានតួនាទីចូលរួមចំណែកការពារស្នាដៃ និងសមិទ្ធផលនានារបស់បក្ស និងបន្តខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គោលនយោបាយ និងទិសដៅផ្សេងៗរបស់គណបក្ស ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ” ៕