គ្រូបង្គោលចំនួន ១២រូប មកពីខេត្តចំនួន ៥ ទទួលបានឱកាសសិក្សាជំនាញចុងភៅ

ភ្នំពេញ៖ គ្រូបង្គោលចំនួន ១២រូប មកពីខេត្តចំនួន ៥ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ទទួលបានឱកាសសិក្សាជំនាញចុងភៅ ពីកម្មវិធីបណ្តុះបណ្តាល ហូកា នៅខេត្តសៀមរាបសម្រាប់ត្រៀមធ្វើការបណ្តុះបណ្តាលបន្តដល់អ្នកជំនាញនៅតាមបណ្តាខេត្តរបស់ខ្លួនក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល។

តាមរយៈកម្មវិធីបណ្តុះបណ្តាល ហូកា ឱ្យដឹងនៅថ្ងៃទី ២៩ ខែឧសភា ថា វគ្គបណ្តុះបណ្តាលខាងលើជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme នៃក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ តាមរយៈការយកចិត្តទុកដាក់បណ្តុះបណ្តាលលើចំណេះដឹង និងជំនាញចុងភៅសំខាន់ៗដល់សិក្ខាកាមសម្រាប់ត្រៀមធ្វើការបណ្តុះបណ្តាលបន្តដល់អ្នកជំនាញនៅតាមបណ្តាខេត្តរបស់ខ្លួនក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល។

ក្នុងកម្មវិធីបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃនេះ សិក្ខាកាមទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការដោយមានប្រសិទ្ធភាពជាមួយសហសេវិកក្នុងចង្ក្រាន អនុវត្តនូវនីតិវិធីស្អាត និងអនាម័យក្នុងចង្ក្រានបាយ សម្អាតសម្ភារៈក្នុងចង្ក្រានបាយ គោលការណ៍សំខាន់ៗក្នុងចង្រ្កានបាយ និងការអនុវត្តជំនាញចម្អិនម្ហូប និងធ្វើបង្អែម។

ក្រៅពីចំណេះដឹង និងជំនាញខាងលើ សិក្ខាកាមក៏ទទួលបានការហ្វឹកហាត់លើការរៀបចំមុខម្ហូប និងបង្អែមសរុបចំនួន ៣០មុខ៕