ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី ៣០ ខែឧសភា នេះ ឱ្យដឹងថា កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើប្រធានបទសំខាន់ៗ រួមមានៈ បញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសផងដែរ រួមមានៈ សន្តិសុខនៃប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍសម្ថភាពយោធា ការធ្វើសមតុល្យភាព ក្នុងតំបន់ ។
ប្រភពដដែលនេះបន្តថា ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ សម្តេច ទៀ បាញ់ នឹងអញ្ជើញ ថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពី “ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ” ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការ អភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សា តុល្យភាពស្ថិរភាពតំបន់។
អំឡុងពេលកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ក៏មានកិច្ចប្រជុំរួមមួយ នៃរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួន។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្ដេច ក៏នឹងមានជំនួបពិភាក្សាការងារ ទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសមួយចំនួន ដូចជា អូស្ត្រាលី សិង្ហបុរី និងស្មាធាណរដ្ឋប្រជាមានិតចិន ក៏ដូច ជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនសំខាន់ៗ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ៕