ភ្នំពេញ៖ នាយកដ្ឋានកិច្ចការពិព័រណ៍បានរៀបចំកិច្ចប្រជុំការងារ ដើម្បីតាមដានកិច្ចការពិព័រណ៍ និងត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានានៅពេលខាងមុខនេះ ក្រោមអធិបតីភាព លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និង ប្រធានការិយាល័យ។
នៅក្នុងកិច្ចប្រជុំនេះកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក ស៊ាង ថៃ បានណែនាំការងារចាំបាច់មួយចំនួនសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានានៅពេលខាងមុខរួមមានការងារត្រៀមចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១៧២ របស់ការិយាល័យពិព័រណ៍អន្តរជាតិ BIE ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស។
មួយវិញទៀត លោក បានឱ្យក្រុមការងារត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ ការងារត្រៀមលក្ខណៈរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូលលើកទី១៦ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ការងារត្រៀមលក្ខណៈចូលរួមពិព័រណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា ប្រទេសជប៉ុន។ និង ការងារត្រៀមលក្ខណៈចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ ប្រទេសចិន។
លោក ស៊ាង ថៃ ថ្លែងថា «ចាប់ពីខែឧសភានេះរហូតដល់ចុងឆ្នាំ២០២៣ខាងមុខ នាយកដ្ឋានកិច្ចការពិព័រណ៍មានភារកិច្ចជាច្រើនដែលត្រូវរៀបចំ ដូច្នេះទាមទារឱ្យមន្រ្តីដែលទទួលបន្ទុកទាំងអស់ត្រូវខិតខំបំពេញការងាររបស់ខ្លួន និងតាមដានពីវឌ្ឍនភាពការងារ»៕