សម្ដេច ហ៊ុន សែន ៖ កំហុសនយោបាយ ធ្វើឲ្យកម្ពុជាវិនាសកម្ម ខណៈធនធានមនុស្សបាត់បង់

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកពីអតីតកាលថា កំហុសខាងនយោបាយបានធ្វើឲ្យកម្ពុជាបានជួបវិនាសកម្ម ខណៈធនធានមនុស្សត្រូវបានបាត់បង់ ក្រោយធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៧០។

នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃ៣០ ឧសភា សម្ដេចបានមានប្រសាសន៍ថា កម្ពុជាជឿនលឿនទៅមុខបានទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ព្រោះកម្ពុជាធ្លាប់មានបទពិសោធន៍ ដោយសារសង្គ្រាមបានបំផ្លាញធនធានមនុស្ស ធ្វើឲ្យក្លាយជាប្រទេសក្រីក្រ។

សម្ដេចបន្ដថា ប្រទេសមួយចំនួនគ្មានធនធានធម្មជាតិ តែគេបានក្លាយទៅជាអ្នកមានបាន ដោយសារប្រទេសនោះ ដើរនយោបាយត្រូវ និងមានធនធានមនុស្សគ្រប់គ្រាន់ផងដែរ។

សម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «សម្រាប់យើង (កម្ពុជា) ក៏ដូចគ្នាដែរ គឺយើងមានកំហុសខាងនយោបាយ ហើយយើងខ្វះធនធានមនុស្ស។ កំហុសខាងនយោបាយ គឺស្អី? គឺនៅត្រង់ថា រដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនោះហើយ គឺការចាប់ផ្ដើមវិនាសកម្ម»។

សម្ដេចបន្ថែមថា កម្ពុជាក្នុងទស្សវត្ស៦០ បើប្រៀបធៀបទៅនឹងកូរ៉េខាងត្បូង ប្រាក់ចំណូលរបស់កម្ពុជាមាន២៦៧ដុល្លារ ខណៈកូរ៉េខាងត្បូងមានតែ៧២ដុល្លារប៉ុណ្ណោះក្នុងមនុស្សម្នាក់។ ប៉ុន្ដែឥឡូវនេះ ប្រាក់ចំណូលរបស់កម្ពុជាមិនដល់២ពាន់ដុល្លារនោះទេ ក្នុងពេលកូរ៉េខាងត្បូងឡើងដល់៥ម៉ឺនដុល្លារ។ សម្ដេចថា «បញ្ហានេះ ដោយសារតែដើរនយោបាយខុស រដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ»។

សម្ដេចលើកឡើងទៀតថា បើគ្មានរដ្ឋប្រហារនៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ទេ ហើយទុកពេលវេលាឲ្យសម្តេច ព្រះនរោត្តម សីហនុ បន្ដដឹកនាំប្រទេសតទៅទៀត កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍រីកចម្រើនលូតលាស់ មិនជួបវិនាសកម្មឡើយ ៕