ទឹកចិត្តមហាធំធេង! កីឡាការិនី ស្រួង ភាវី មិនយកលុយពីការចុះកុងត្រាជាមួយក្រុមហ៊ុន SKY ANGKOR ក្នុងនាមជា ទូតសុច្ឆន្ទៈ តែបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ

ភ្នំពេញ៖ កីឡាការិនីជើងខ្លាំងផ្នែកកីឡាស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី និងជាម្ចាស់មេដាយមាស ក្នុងការប្រកួតវិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំង (3 Cushion) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលដំណើរការ លើទឹកដីកម្ពុជា បានប្រកាសមិនយកលុយពីការចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ស្កាយអង្គរ (SKY ANGKOR) ក្នុងនាមជា ទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន តែបង្វិលទៅជាកិច្ចការសប្បុរសធម៌ជូនប្រជាពលរដ្ឋខ្មែរទីទាល់ក្រវិញ។

តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួន នៅថ្ងៃទី៣០ ខែឧសភានេះ បានសរសេរថា «សូមជម្រាបពុកម៉ែបងប្អូន ! នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ស្កាយអង្គរ SKY ANGKOR ក្នុងនាមជា ទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន »។

កីឡាការីនេះ រូបនេះបន្តថា «ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេគឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរ យើងដែលមានជីវភាពខ្វះខាតហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់ មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ «។

កីឡាការីនីរូបនេះបន្ថែមថា «ការស្នើលក្ខខណ្ឌរបស់នាងខ្ញុំ នេះ គឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដី សោមនស្សរីករាយទាំងអស់គ្នា ។ ខ្ញុំមានខ្លួនតែមួយរាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែ ការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំ វាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទើបធ្វើឱ្យខ្ញុំ ញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង»៕