ក្រុមហ៊ុនសវនកម្មឯករាជ្យចុះពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារលក់ទិញលំនៅឋានរបស់ក្រុមហ៊ុន ម៉ន ដានីនៅក្នុងគម្រោងទី២៩

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)បានចាត់តាំងក្រុមហ៊ុនសវនកម្មឯករាជ្យ ចុះពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារលក់ទិញលំនៅឋានក្នុង គម្រោងនេះ ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

នេះ បើតាមសេចក្តីជូនដំណឹងរបស់ ន.អ.ប. ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៣ ជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ដែល បានទិញលំនៅឋាន និងដីឡូត៍នៅក្នុងគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ។

សេចក្តីជូនដំណឹងបន្តថា ក្រុមហ៊ុនសវនកម្ម ឯករាជ្យត្រូវការប្រមូលព័ត៌មាន និងឯកសារលក់ទិញពីអតិថិជនទាំងអស់នៃគម្រោងនេះ ដើម្បីផ្ទៀងផ្ទាត់ និងរៀបចំ ជារបាយការណ៍ជូន ន.អ.ប.ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ក្នុងន័យនេះ ន.អ.ប. សូមអញ្ជើញអតិថិជនទាំងអស់នៃគម្រោង២៩ មេត្តាចូលរួមសហការជាមួយក្រុម- ហ៊ុនសវនកម្មឯករាជ្យ ដោយផ្តល់ជាព័ត៌មាន និងឯកសារពាក់ព័ន្ធមានដូចជា កិច្ចសន្យាលក់ទិញ តារាងបង់ប្រាក់ និងវិក័យបត្របង់ប្រាក់ជាដើម។

ន.អ.ប.ស្នើសុំមេត្តាបង្ហាញឯកសារច្បាប់ដើម និងផ្តល់ឯកសារថតចម្លង ១ច្បាប់ ជូនសវនករ នៅការិយាល័យលក់លំនៅឋានគម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពងស្ពឺ ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការ៕