មូលនិធិគន្ធបុប្ផាដាក់ចេញយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា

ភ្នំពេញ ៖ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជាបានដាក់ចេញ សម្រាប់សាធារណជនទាំងក្នុងនិងក្រៅប្រទេសចង់ចូលរួមបរិច្ចាគដើម្បីជួយដល់កុមារកម្ពុជា។

យុទ្ធនាការនេះ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា ។ យុទ្ធនាការនឹងធ្វើឡើងក្នុងរយៈពេលពេញ១ខែម្តង ចាប់ពីថ្ងៃ១-៣០មិថុនា តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមាន ៖ ទំព័រហ្វេសប៊ុក និងឆាណែលតេឡេក្រាមផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ ក្រុមហ៊ុនដៃគូសហការ និងសាព័ត៌មានជាច្រើនផងដែរ ។

យុទ្ធនាការនេះ ត្រូវបានធ្វើម្តងរួចមកហើយ កាលពីឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង៣០ម៉ឺនដុល្លារ ។

សូមបញ្ជាក់ថា មន្ទីរគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារត្រូវបានបង្កើតនិងដាក់ឲ្យដំណើរការឡើងវិញកាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម៤០លានដុល្លារក្នុង១ឆ្នាំ៕