សម្តេច ហ៊ុន សែនថា ធ្វើអ្វីៗដើម្បីការពារអំណាច

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចជាង៤០ឆ្នាំមកហើយបានបញ្ជាក់ថា ធ្វើអ្វីៗដើម្បីការពារអំណាច និងរក្សាសុខសន្តិភាព។

ការលើកឡើងរបស់សម្តេច បន្ទាប់ពីក្រុមប្រឆាំងនាំគ្នាលើកឡើងថាសម្តេចបាននិងកំពុងការពារអំណាចខ្លួន។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនាព្រឹកថ្ងៃ២៧ ឧសភា សម្តេច បានគូសបញ្ជាក់ថា«មានតែរក្សាសន្តិភាពឲ្យបានទើប មានការអភិវឌ្ឍ ហើយអ្នកទាំងអស់គ្នាបានដឹងហើយ មានអ្នករក្សាសន្តិភាព គឺអ្នកស្វែងរកសន្តិភាព ហើយជាអ្នកការពារសន្តិភាព អ្នកដែលគេមិនបានស្វែងរកគឺគេធ្វើយ៉ាងម៉េចឲ្យអស្ថេរភាព ក្នុងប្រទេសដោយមិនគិតពីអ្នកណាស្លាប់ឬរស់ទេ ធ្វើយ៉ាងណាបានអំណាច»។

បើតាមសម្តេច គេថា លោក ហ៊ុន សែន ធ្វើយ៉ាងណាការពារអំណាចឲ្យបាន«ខ្ញុំសូមឆ្លើយទៅវិញបាទ! OK។ ទទួលយកខ្ញុំការពារអំណាចគ្មានអ្វីពិបាកនោះទេ ប៉ុន្តែសុំសួរលោកឯងវិញថាចង់បានអំណាចតើយ៉ាងម៉េចដែរ? ពួកលោកឯងប្រើប្រាស់វិធីសាស្ត្រមិន ប្រជាធិបតេយ្យ ចង់បានអំណាច ចង់ឲ្យសម្លាប់ ហ៊ុន សែន ឲ្យគេចាប់ ហ៊ុន សែន ចង់កងកំលាំងប្រដាប់អាវុធបែរកាណុងមកសម្លាប់ហ៊ុន សែន ដែលជាវិធីមិនប្រជាធិបតេយ្យដែលមិនត្រូវអត់ឱនឲ្យទេ ចំពោះក្រុមជ្រុលនិយមនេះ”។

ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងថាបើបណ្តោយឲ្យក្រុមជ្រុកនិយមនោះប្រទេសនេះនឹងរងគ្រោះសារជាថ្មីទៀត ដូច្នេះគោលដៅអ្នកនោះចង់ធ្វើបដិវត្តពណ៌ដូចពេលកន្លងទៅមានករណីបដិវត្តន៍កសិករដែលក្រុមនេះបានសិក្សានៅមានប៉ុន្មានកន្លែងទៀត។

សម្តេចក៏បានប្រាប់ទៅកាន់មិត្តបរទេសដែលផ្តល់ថវិកាសម្រាប់ចលនាបែបនេះ ដកថយខ្លួនឲ្យឆ្ងាយព្រោះនឹងស្រាវជ្រាវឲ្យដល់ឬសគល់ថាតើអ្នកបានលុយពីណាមកដើម្បីហ្វឹកហាត់ផែនការរបៀបហ្នឹង។

សម្តេចគូសបញ្ជាក់ថា «យើងមិនអាចបណ្តែត បណ្តោយឲ្យប្រទេសមួយត្រូវបំផ្លាញនោះទេ ។អ្នកខ្លះបាននិយាយជាមួយយើងថាហេតុបាននិយាយពីសន្តិភាពទៀត បើប្រទេសមានសន្តិភាពហើយ!ប៉ុន្តែខ្ញុំចាំបាច់ត្រូវតែនិយាយដោយសារពួកអ្នកឯងចង់បំផ្លាញសន្តិភាពនៅប្រទេសរបស់ខ្ញុំ»។

សម្តេចក៏បានលើកឡើងថា ហេតុដែលមានការចង់បំផ្លាញសន្តិភាពនៅកម្ពុជាម្តងហើយម្តងទៀតទើបសម្តេចនិយាយ។

សម្តេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ្នកឯងត្រូវចាំនិងកុំភ្លេចថាពួកខ្ញុំក៏មានខួរក្បាលដែរ ក៏ចេះគ្រប់គ្រងប្រទេសរបស់ខ្លួនដែរ ។ ពួកខ្ញុំក៏មានព័ត៌មានគ្រប់គ្រាន់នូវ អ្វីដែលពួកឯងកំពុងធ្វើដែរ។ ហើយពួកអ្នកឯងកុំនិយាយរឿងនេះជាសិទ្ធិបញ្ចេញមតិ។ អ្នកឯងត្រូវយល់អំពីបញ្ហានេះ ការធ្វើឲ្យរំជើបរំជួលបង្កើតចលនាចល »៕