ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរចំពោះអតីតនាយករដ្ឋមន្ដ្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាដែលជាបងប្អូនបង្កើតគ្នានោះគឺមិនដែលអំពាវនាវឲ្យបរទេសកាត់ជំនួយដល់ប្រទេសខ្លួនមិនដូចអ្នកប្រឆាំងនៅកម្ពុជាវិញ តែងតែអំពាវនាវដល់បណ្ដាប្រទេសនានា កាត់ជំនួយមកកម្ពុជា។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករ នៅព្រឹកថ្ងៃ២៧ ឧសភា សម្ដេចតេជោ បានមានប្រសាសន៍ថា នៅថៃអ្នកនយោបាយគេប្រឆាំងគ្នា ក៏ប៉ុន្ដែពួកគេមិនដែលសម្លាប់ជនជាតិរបស់ខ្លួនឡើយ តាមរយៈការអំពាវនាវកុំឲ្យបរទេសមកវិនិយោគ ឬឈប់ទិញទំនិញនោះទេ។
សម្ដេច បញ្ជាក់ថា «ខ្ញុំ សូមសរសើរអតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា-យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ដ្រីថៃ ទាំងបង ទាំងប្អូន ទោះបីគេទម្លាក់ដោយរដ្ឋប្រហារ ហើយរស់នៅបរទេស ដែលមិនចូលក្នុងស្រុកបាន ប៉ុន្ដែអ្នក ទាំងពីរ មិនមែនអំពាវនាវបរទេសកាត់ជំនួយ ឬឈប់ទិញទំនិញថៃ ឬឈប់វិនិយោគក្នុងប្រទេសថៃ»។
សម្តេចបញ្ជាក់ថា “វាជារឿងអយុត្តិធម៌ពន់ពេកណាស់ចំពោះគ្រួសារ ថាក់ស៊ី និងយីងឡាក់ ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ គ្មានបរទេសណា ឬក្រុមប្រឆាំងណាមួយចេញមុខថ្កោលទោស ឬប្រឆាំងសកម្មភាពរដ្ឋប្រហារនោះឡើយ”។
ជុំវិញបញ្ហាទាំងនេះនាយករដ្ឋមន្ដ្រី លើកឡើងថា ប៉ុន្ដែអ្នកជ្រុលនិយមនៅកម្ពុជាវិញ ទៅដល់ទីណាទាមទារឲ្យបរទេសឈប់ទិញទំនិញនៅកម្ពុជា ឬដាក់ទណ្ឌកម្មនានាមកលើកម្ពុជា ខណៈសម្ដេចរងចាំមើលជោគវាសនារបស់ពួកអ្នកឯងទៅក្រោយអំពាវនាវបរទេសកាត់ជំនួយលើកម្ពុជា។
សម្ដេចគូសបញ្ជាក់ទៀតថា «ប៉ុន្ដែមិននឹកស្មានថា អ្នកជ្រុលនិយមក្នុងប្រទេសកម្ពុជា ទៅអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មលើខ្មែរ ឈប់ទិញទំនិញខ្មែរ មិនមកវិនិយោគនៅខ្មែរ ក៏ប៉ុន្ដែពួកអ្នកឯងរងចាំមើលជោគវាសនារបស់ពួកអ្នកឯងទៅ»៕