ក្រសួងប្រៃសណីយ៍ រៀបចំផែនការ ត ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំផែនការ ត ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរនៅខេត្តព្រះសីហនុ ដើម្បីប្រែក្លាយឱ្យខេត្តនេះ មានភាពស៊ីវីល័យនៅតំបន់នារតី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍បិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៥ ខែឧសភា បញ្ជាក់ថាក្រសួង បានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet ទី២.ប្រព័ន្ធតភ្ជាប់កាំម៉ារ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ស៊ីវីល័យនៅតំបន់នារតី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ក្រោមការដឹកនាំរបស់លោក អភិបាលខេត្ត បានធ្វើការប្រែក្លាយខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ដើម្បីផលប្រយោជន៍រវាងក្រសួងប្រៃសណីយ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ហើយអ្វីមានសារៈសំខាន់៖១.ការកែទម្រង់របស់ក្រសួងប្រៃសនីយ៍រយៈពេល ៣ឆ្នាំ ទទួលបានជោគជ័យ ១០០ភាគរយ ក្នុងការអភិវឌ្ឍវិស័យរបស់ខ្លួន និងវិស័យផ្សេង ២.មន្ត្រីប្រៃសណីយ៍បានទទួលការបណ្តុះបណ្តាល និងទទួលបានប្រាក់ឧបត្ថម្ភត្រូវបានកើនឡើងនៅថ្នាក់កណ្តាល ការកែទម្រង់នេះធ្វើឱ្យមន្រ្តីរាជការសប្បាយចិត្ត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងថា រដ្ឋាភិបាលឌីជីថល ជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរទិន្នន័យរវាងក្រសួងស្ថាប័ន និងលំហូរការងាររដ្ឋបាល។

លោកបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំលំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រង ការបែងចែកដំណើរការ និងការតាម ដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាព។

លោកបន្ថែមថា ជោគជ័យ នៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

បើតាម លោក គួច ចំរើន ដំណើរការនៃបរិវត្តកម្មឌីជីថល ត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្ដម្ភសម្រាប់ជំរុញធុរជន និងប្រជាពលរដ្ឋឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត៕