ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ បានបា្រប់សមត្ថកិច្ចថា បើមានសន្ដិភាពហើយ ប៉ុន្តែបែរជាមានចោរលួច ចោរប្លន់ ទៅណាមកណា គឺមិនសប្បាយនោះទេ។
នាឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាថ្ងៃ២៦ ឧសភា លោក ខៀវ សុភ័គ បានថ្លែងថា កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានទូលំទូលាយ និងដើម្បីគៀងគរការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាព សុខខុមាលភាព សេវាសាធារណៈ និងទប់ស្កាត់គ្រោះមហន្ដរាយ ព្រមទាំងការឆ្លងរាលដាលនៃជំងឺកាចសាហាវផ្សេងៗ។
លោក ខៀវ សុភ័គ បានគូសបញ្ជាក់ថា «យើងមានសន្ដិភាពហើយ យើងត្រូវធ្វើអ្វីបន្ដទៀត គឺសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អាហ្នឹងបញ្ហាសំខាន់។ បើមានសន្ដិភាព មានចោរលួច ចោរប្លន់ ទៅណាមកណាមិនសប្បាយគឺមិនល្អទេ។ អីចឹងហើយបានជា សម្ដេចតេជោ ហ៊ុន សែន បានដាក់គោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពនេះ ដើម្បីលើកកម្ពស់ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ពេលទូទាំងប្រទេសកម្ពុជា»។
រដ្ឋលេខាធិការ បានលើកឡើងថា ការចាំតាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ បានតម្រូវឲ្យក្រសួងមហាផ្ទៃ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសម្របសម្រួល និងសហការជាមួយបណ្ដាក្រសួង-ស្ថាប័ន្ធ ក្នុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង-សង្កាត់ ក្នុងការចាត់តាំងអនុវត្តនូវគោលនយោបាយឲ្យបានសកម្មជាប់ជាប្រចាំទូទាំងប្រទេស៕