សម្តេច ហ៊ុន សែន ឲ្យភាគីពាក់ព័ន្ធដោះស្រាយវិវាទកម្មករឲ្យបានឆាប់រហ័ស

ភ្នំពេញ ៖ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់ភាគីទាំងអស់ ត្រូវរួមគ្នាខិតខំដោះស្រាយរាល់វិវាទជាមួយកម្មករឲ្យឆាប់រហ័ស កុំអូសបន្លាយរយៈពេលយូរ រហូតដល់ចូលដៃតុលាការ ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃ២៦ ឧសភា ។ សម្តេចបញ្ជាក់យ៉ាងដូច្នេះថា «បើសិនមានករណីវិវាទ ត្រូវដោះស្រាយ កុំទុកយូរកុំចិញ្ចឹមទំនាស់ សហជីព ជាមួយម្ចាស់រោងចក្រ តំណាងកម្មករ សហជីព ដោយមានការចូលរួមពីក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវដោះស្រាយឲ្យបានឆាប់រហ័សបំផុតតាមគោលនយោបាយ ឈ្នះ ឈ្នះ»។

សម្តេចក៏បានស្នើឲ្យគ្រប់ភាគីចាប់ផ្តើមដោះស្រាយក្រៅប្រព័ន្ធតុលាការ ជៀសវាងដោះស្រាយតាមតុលាការ រាប់ទាំងករណីថៅកែរត់ចោលកម្មករ ដោយមិនចាំបាច់រងចាំថៅកែមកដោះស្រាយ ឬរងចាំតុលាការប្រកាសលក់ឡៃឡុងនោះទេ គឺវាយឹតដូច្នេះក្រសួងការងារត្រូវដោះស្រាយ។

សម្តេចក៏បានលើកឡើងថា កន្លងមកសម្តេចតែងតែធ្វើបុរេប្បទានលុយ(ផ្ទេរ) ទៅឲ្យក្រសួងការងារ ដើម្បីដោះស្រាយបញ្ហាជូនកម្មករ ព្រោះបើនីតិវិធីផ្លូវតុលាការយូរ ហើយពេលខ្លះការលក់ឡៃឡុងនោះយកមកសងកម្មករមិនគ្រប់ផងដែរ។

ជាមួយគ្នានោះដែរ សម្តេចបន្តថា កន្លងមកកម្មករមិនត្រូវបានបង់ផលប្រយោជន៍នោះទេ ដោយសាររាជរដ្ឋាភិបាលតែងតែធ្វើការប៉ះប៉ូវសងនូវការខ្វះខាតជានិច្ច។

សម្តេចបញ្ជាក់ថា «ម្ចាស់រោងចក្ររត់ទៅបាត់ ហើយចាំអ្នកណាសង យើងលក់ឡៃឡុងវាមិនគ្រប់ មានតែវិធីមួយប៉ះប៉ូវ ប៉ុន្តែវិធីហ្នឹងចាំដល់ពេលរួចជំពាក់ប៉ុន្មាន? ដល់ពេលណាទូទាត់បញ្ជីគ្នាម្តងដើម្បីផ្តាច់កុំឲ្យជំពាក់ពីព្រោះថា ករណីហ្នឹងក្រសួងការងារជំពាក់រដ្ឋ ប៉ុន្តែដល់ពេលណាមួយថាសងអត់បានទេ មានតែប្រើវិធីមួយគឺកាត់ផ្តាច់ដែលផលនោះអ្នកទទួលបានគឺកម្មករ»។

សម្តេចបន្ថែមថា ការចុះជួបកម្មករនេះដើម្បីដឹងសុខទុក្ខកម្មករ ខុសពីនាយករដ្ឋមន្ត្រីប្រទេសដទៃគឺមានភាពស្រួល ដោយឡើងកាន់អំណាចស្រួលមានអ្វីៗទាំងអស់ តែសម្តេចឡើងមកកាន់អំណាច ពីបាត់ដៃទទេ។ សម្តេចក៏បានអំពាវនាវដល់កម្មករទាំងអស់ ត្រូវខិតខំរួមគ្នាដើម្បីធ្វើឲ្យប្រទេសមានស្ថេរភាព សុខសន្តិភាព ៕