មន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះក្មេងប្រុសអាយុ ៤ឆ្នាំដែលត្រូវបានសត្វឪម៉ាល់ទិចប្រហែល ៩០ មេ ឱ្យរួចផុតពីសេចក្តីស្លាប់

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ បានជួយសង្គ្រោះក្មេងប្រុសអាយុ ៤ឆ្នាំដែលត្រូវបានសត្វឪម៉ាល់ទិចប្រហែល ៩០ មេ ឱ្យរួចផុតពីសេចក្តីស្លាប់ ក្រោយពីត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យទាន់ពេលវេលា។

គណនីហ្វេសបុក Dr. Beat Richner បានឱ្យដឹងនៅថ្ងៃទី ២៣ ខែឧសភាថា ក្មេងប្រុសអាយុ ៤ឆ្នាំត្រូវបានសត្វឪម៉ាល់ទិចចំនួនប្រហែល ៩០ មេ ខណៈពេលដែលក្មេងបានដើរទៅតាមយាយនៅក្នុងចំការស្វាយចន្ទី បណ្តាលអោយឈឺចាប់ខ្លាំងរហូតដល់សន្លប់ ភ្លាមនោះដែរម្តាយក៏បានប្រញាប់យកក្មេងមកមន្ទីរពេទ្យជ័យវរ្ម័នទី៧ជាបន្ទាន់។

ប្រភពដដែលនេះបន្តថា មកដល់មន្ទីរពេទ្យ ក្មេងមានសភាពធ្ងន់ធ្ងរដោយសារជាតិពុលពឹសរបស់សត្វឪម៉ាល់ ធ្វើអោយប៉ះពាល់ដល់ថ្លើម(GOT:64100, GPT:12000) និងតម្រងនោម(creatinine:581, Urea:24) ភ្លាមនោះដែរក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះក្មេងជាបន្ទាន់ទាំងការប្រើថ្នាំនិងតាមដានទឹកនោមនិងបានដាក់មាស៊ីនជំនួយដង្ហើមរយៈពេល ៤ថ្ងៃ និងបានធ្វើការលាងឈាមរយៈពេល ៣៦ថ្ងៃ ឃើញថាក្មេងមានសភាពធូរស្រាលហើយនិងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ ក្រោយសំរាកពេទ្យអស់៤៤ថ្ងៃ៕