ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន គ្រឿង ឥស្សរិយយស «ជាតូបការ» ជូនដល់ លោក ស៊ិន វិរ: ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ធំ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ២០ ខែឧសភា ឆ្នំា ២០២៣ ដែលបានប្រោសព្រះរាជទានគ្រឿង ឥស្សរិយស លំដាប់ថ្នាក់ប្រគេនជូន ព្រះសង្ឃ មន្ត្រីរាជការ និងសប្បុរសជន ចំនួន២៩៩ អង្គ/រូប ។
គ្រឿងរាជឥស្សរិយយស «ជាតូបការ» ត្រូវបានបង្កើតជាថ្មីឡើងវិញដោយព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន (ព្រះបរមរតនកោដ្ឋ) តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥។
គ្រឿងរាជឥស្សរិយយសជាតូបការនេះស្ថិតក្នុងប្រភេទគ្រឿងរាជឥស្សរិយយស «មាតុប្រទេស» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា រជ្ជកាលបច្ចុប្បន្ន។
គ្រឿងរាជឥស្សរិយយសជាតូបការ ឬមេដាយជាតូបការ សម្រាប់បំពាក់ជូនវរជនដែលមានគុណូបការៈដ៏ឧត្ដុង្គឧត្ដម ក្នុងការបម្រើមាតុប្រទេស ដើម្បីបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជាតិ តាមរយៈព្រះរាជក្រឹត្យ ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រី ហើយត្រូវប្រទានដោយព្រះមហាក្សត្រិយ៍ ឬដោយព្រះរាជតំណាង។
បច្ចុប្បន្ននេះ គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ក៏អាចត្រូវបានផ្ដល់ជូនឥស្សរជនឆ្នើមទាំងឡាយណា ដែលមិនស្ថិតក្នុងក្របខ័ណ្ឌការងារមន្ត្រីរាជការបានផងដែរ ឱ្យតែឥស្សរជនទាំងនោះ ពួកគាត់មានស្នាដៃអភិវឌ្ឍជាតិ និងបានចូលរួមជាធនធានផ្ទាល់ខ្លួន ជួយសង្គមជាតិជាមួយរាជរដ្ឋាភិបាល៕