បាត់ដំបង ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទី នៅចំណុចផ្លូវជាតិលេខ៥ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីក្មេងទំនើងបង្ហោះម៉ូតូ មួយកើតឡើង បង្កដោយក្មេងទំនើងចំនួន ០៣នាក់។ នេះបើតាមអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៩ ខែឧសភានេះ។
អគ្គស្នងការនគរបាលជាតិបន្តថា ក្រោយកើតហេតុ លោក យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលកំពង់ព្រៀង បានធ្វើការស៊ើបអង្កេតកំណត់មុខសញ្ញាបានក្មេងទំនើងចំនួន ០៣នាក់ ១.ឈ្មោះ ហឿត មេងលី ភេទប្រុស អាយុ១៥ឆ្នាំ (អ្នកបើកបរ) មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ២.ឈ្មោះ ឃុំ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ (អ្នកជិះកណ្តាល) មានទីលំនៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និង៣.ឈ្មោះ ប្រាថ្នា សុថា ភេទប្រុស អាយុ ១៧ឆ្នាំ (អ្នកជិះពីក្រោយ) មានទីលំនៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយចាប់ខ្លួន សមត្ថកិច្ច បានដកហូត វត្ថុតាងមួយចំនួនរួមមានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ផ្លាកលេខ បាត់ដំបង 1AP-4131 (ជាមធ្យោបាយ)។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាននាំខ្លួនក្មេងទំនើងបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៣នាក់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកធ្វើកិច្ចសន្យា និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត៕