ចាប់មាន់រស់១៤០០ក្បាល និងព្រាបរស់ ១០០ក្បាល នាំចូលពីវៀតណាមខុសច្បាប់

ស្វាយរៀង៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានចាប់មាន់រស់១៤០០ក្បាល និងព្រាបរស់ ១០០ក្បាល នាំចូលពីវៀតណាម តាមច្រកក្រសាំងជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅវេលម៉ោង០១ និង៥៥នាទីទៀបភ្លឺ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣

សមត្ថកិច្ចខេត្តស្វាយរៀង ឱ្យដឹងថា ក្រុមការងារបាន ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកHYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១តោន ពាក់ស្លាក់ស្លាកលេខកំពត ៣A-០០៨៦ ដឹកសត្វមាន់រស់ចំនួន១៤០០ក្បាល និងសត្វព្រាបរស់ចំនួន ១០០ក្បាល ដោយបានធ្វើការនាំចូលមកពីប្រទេសវៀតណាម តាមច្រកក្រសាំងជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្តទៅលក់ចែកចាយនៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកមាន់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

សមត្ថកិច្ចបន្តថា ក្រុម​ការងារបានឃាត់ចាប់នៅលើផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕