ផ្ទុះមីនតោនទៀតហើយនៅឧត្តរមានជ័យបណ្តាលឱ្យអ្នកបើកត្រាក់ទ័រមា្នក់រងគ្រោះធ្ងន់ធ្ងរ

ខេត្តឧត្តរមានជ័យ៖ ផ្ទុះមីនតោនទៀតហើយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅភូមិសាមគ្គី (ថ្គាមមាស) ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់រងគ្រោះថ្នាក់របួសលើដើមទ្រូង និងមុខ នៅពេលដែលជនរងគ្រោះកំពុងបើកបរត្រាក់ទ័រភ្ជួរដី។

អាជ្ញាធរមីន ឱ្យដឹងនៅថ្ងៃទី ១៧ ខែឧសភានេះ ថា ជនរងគ្រោះឈ្មោះ នឿន ដួង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិត្រពាំងតាវថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អាជ្ញាធរមីនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕