ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា សម្តេចបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ខណៈសម្ដេចនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។
តាមរយៈគេហទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃ១៧ ឧសភា សម្តេចបានលើកឡើងថា «នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ»។
សម្ដេច ក៏បានថ្លែងអំណរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលសម្ដេច និងអរគុណជនរួមជាតិបានយកចិត្តទុកដាក់ដល់សុខភាពសម្ដេច និងបានជូនពរឲ្យបានជាសះស្បើយ៕