បន្ទាយមានជ័យ ៖ប្រជាពលរដ្ឋម្នាក់ នៅខេត្តបន្ទាយមានជ័យដើរចូលក្នុងព្រៃចំការមីន ខាងមុខទំនប់ ក ៥ ដើររកបេះបន្លែត្រួយព្រិច និងរកសត្វ ក៏បានជាន់គ្រាប់មីន បណ្តាលអោយផ្ទុះ ដាច់ជើងឆ្វេង និងជើងស្តាំ និងរងរបួសជាច្រើនកន្លែងផងដែរ ។នេះ បើតាមអាជ្ញាធរមីននៅ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣។
អាជ្ញាធរមីននបន្តថា ជនរងគ្រោះឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរីហើយ ។
អាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕