ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានលើកឡើងថា បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន១៧,១០២សហគ្រាស ដែលមានកម្មករនិយោជិតចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។
ការលើកឡើងរបស់លោក អ៊ិត សំហេង ធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត តំណាង សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
លោកបន្តថា ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបមានរោងចក្រចំនួន១,៣២៥ តម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង១២,៨ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២) មានកម្មករនិយោជិតចំនួនជាង៨៥ម៉ឺននាក់ ហើយកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។
លោកបន្ថែមថា ការអនុវត្តច្បាប់ស្តីពីសហជីពបានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន៥,៧៤១ សហព័ន្ធសហជីពចំនួន២៦៨ សហភាពសហជីពចំនួន៤២ និងសមាគមនិយោជកចំនួន១៣។
ជាមួយគ្នានេះ លោក ថា រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។
លោកបន្ថែមថា ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្តល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនពលករសរុបចំនួនប្រមាណ១.៣លាននាក់ ដែលមិនត្រឹមតែអាចទទួលបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារប្រមាណ២.៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ៕