Update៖​ ស្រី្ដម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តសណ្តោងទូរកុងតឺន័របើកបុក

ភ្នំពេញ៖ ស្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅ យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវ វេងស្រេង ត្រង់ចំណុងស្តុបសេះមាស សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងទូកុងតឺន័រ បើកបុកនិងកិនអូសម៉ូតូពីក្រោយ។

ប្រភពីកន្លែងកើតហេតុឱ្យដឹងថា សពស្រ្តីរងគ្រោះមានឈ្មោះ អ៊ុក ចន្នី អាយុប្រមាណ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឃើញម៉ូតូស្រ្តីរងគ្រោះ ម៉ាក អាគុបជ្រុង ពាក់ស្លាកលេខស៊េរីចាស់ បានធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ស្របទិសដៅគ្នាជាមួយរថយន្តសណ្តោងទូកុងតឺន័រ ពាក់ស្លាកលេខ ត្បូងឃ្មំ 3A-3148 ដែលបានធ្វើដំណើរពីក្រោយម៉ូតូជនរងគ្រោះ ខណៈពេលមកដល់ស្តុបសេះមាស ដែលជាចំណុចកើតហេតុស្រាប់តែរថយន្តសណ្តោងទូកុងតឺន័រ បានបត់ស្តាំកៀរ និងកិនអូសម៉ូតូស្ត្រីរងគ្រោះដែលនៅខាងមុខ បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ នៅក្រោមកង់ រថយន្តក្នុងថ្លុកឈាម ។

ភ្លាមៗនោះ តៃកុងរថយន្តបានបើកទ្វាររថយន្តរួចចុះពីលើរថយន្តបម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនៅកន្លែងកើតហេតុ។ សមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុរួច ធ្វើការវាសវែង យកម៉ូតូ និង រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយ ។

ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច ដាក់លើរថយន្តសាមុយយកទៅតម្កល់នៅវត្តអារាម ស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯតៃកុងរថយន្តត្រូវបានបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីចាត់ការតាមនីតិវិធី៕