សម្តេច ហ៊ុន សែន អះអាងថា ត្រកូល “ហ៊ុន” ជាត្រកូលការពារព្រះមហាក្សត្រ

ភ្នំពេញ ៖ ត្រកូល “ហ៊ុន” ជាត្រកូលការពារព្រះមហាក្សត្រ រាជបល្ល័ង្គ ប៉ុន្តែត្រកូលខ្លះបានក្បត់ជាតិតពូជ៣ជំនាន់ហើយ ។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកកសិកម្ម៣សកលវិទ្យាល័យនាព្រឹកថ្ងៃ១៥ ឧសភា ។

ត្រកូលក្បត់ជាតិដែលសម្តេចសំដៅដល់នោះប្រហែលជាទំនង ចង់ថាឲ្យលោក សម រង្ស៊ីព្រោះបានជាប់ឈ្មោះថា “ពូជក្បត់ជាតិ៣ជំនាន់” គឺមានជីតា ឪពុក និងលោក សម រង្ស៊ី ផ្ទាល់តែម្តង ព្រោះជាញឹកញាប់ បុគ្គលម្នាក់នោះ ប្រមាថអង្គព្រះមហាក្សត្ររហូត។

សម្តេចគូសបញ្ជាក់ថា សម្តេចជាអ្នកការពារព្រះមហាក្សត្រ បើអ្នកណាចង់ប្រមាថព្រះមហាក្សត្រ គឺត្រូវរំលងសពរបស់ត្រកូល ហ៊ុន ជាមុនសិន។

សម្ដេចបន្តថា «បើអ្នកឯងចូលចិត្តនិយាយត្រកូល ខ្ញុំក៏និយាយត្រកូលដែរ ត្រកូល ហ៊ុន មិនមែន មានតែម្នាក់ ហ៊ុន សែន ទេណា នៅមនុស្សច្រើនណាស់ ត្រកូលមួយនគរដែលគាំទ្រត្រកូលហ៊ុននោះ សម្រាប់ការបន្ដធ្វើនាយករដ្ឋមន្ដ្រី ឬអនាគតនាយករដ្ឋមន្ដ្រីនៅកម្ពុជានោះ»។

សម្ដេច ហ៊ុន សែន ថា «ត្រកូល ហ៊ុននេះ មិនមែនជាត្រកូលក្បត់ស្ដេចទេ ។ ត្រកូលនេះ គឺជាត្រកូលការពារព្រះមហាក្សត្រ ត្រកូលការពាររាជបល្ល័ង្គ ត្រកូលការពាររាជានិយម។ ខ្ញុំបានរួមចំណែកក្នុងការនាំមកនូវរបបរាជានិយម ហើយឥឡូវនេះ គឺជាកម្លាំងតែមួយគត់ដែលធំជាងគេ ក្នុងការពាររបបរាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ»។

សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា អ្នកខ្លះមានត្រកូលក្បត់ព្រះមហាក្សត្រ រហូតទៅដល់៣ជំនាន់ ហើយក៏ក្បត់រហូតដល់អំពាវនាវឲ្យព្រះមហាក្សត្រ ចុះចេញពីរាជបល្ល័ង្គផងដែរ។

សម្តេចក៏បានចំអកទៅកាន់ក្រុមប្រឆាំងថា ដោយសារតែមេដឹកនាំរបស់ខ្លួនល្ងង់បានជាចាញ់រហូតហើយ ៕