អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត

សៀមរាប: ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលតភ្ជាប់ចម្រឹងបង្អួចថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្ត ផ្នែកខាងកើតនៃជ្រុងនិរតី ដែលរងការខូចខាតធ្ងន់ធ្ងរ ជ្រុះធ្លាក់មកក្រោមឱ្យរួចផុតពីហានីភ័យនិងប្រសើរឡើងវិញ។

លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សនៅប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ដោយសារតែអាយុកាលនៃសំណង់យូរអង្វែង ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង ទឹកជ្រាប ព្រមទាំងស្លែ ផង បានធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀតនៅរួតទី២នៃប្រាសាទអង្គវត្តបានរងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ ពុកផុយ និងរបេះថ្មជាដើម។

លោកបន្តទៀតថា ក្រុមអ្នកជំនាញត្រូវការពេល១ខែកន្លះ ដើម្បីជួសជុល មុននឹងយកវត្ថុទាំងនោះទៅដាក់នៅទីតាំងដើមវិញ។
បើទោះបីជាគេអាចយកវត្ថុទាំងនោះទៅដាក់នៅទីតាំងដើមវិញក៏ដោយ ក៏ក្រុមការងារត្រៀមនឹងដាក់របាឈើដើម្បីការពារចម្រឹងបង្អួចទាំងអស់ ហើយកត្តាសំខាន់មួយទៀត ដាក់របាឈើ ក៏អាចជួយការពារភ្ញៀវកុំឱ្យឆ្លងកាត់តាមចន្លោះចម្រឹងបង្អួចទាំងនោះដែរ។

លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញបរទេស។ ចំពោះបច្ចេកទេសនៃការជួសជុលក៏មានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ៕