លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ

ភ្នំពេញ៖ លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យ មាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះ បើតាលិខិតរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ ផ្ញើជូនលោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។

លោ ប្រាជ្ញ ចន្ទ បានដាក់ សំណើសុំការបញ្ជាក់អំពីភាពមាន ឬមិនទាន់មាននីតិសម្បទាឡើងវិញរបស់លោក រ៉ុង ឈុន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ក្រោយពីគណបក្សភ្លើងទៀន ដាក់លោក រ៉ុង ឈុន ជាបេជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ នៅមណ្ឌលខេត្តកណ្តាល។

ក្រោយទទួលបានសំណើ ចំពោះករណីនេះ, រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចាត់ឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវ ពិនិត្យឃើញថា ១-អំពីការផ្តន្ទាទោសលើ លោក រ៉ុង ឈុន គឺ លោក រ៉ុង ឈុន ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរទោស សាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៥១.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។ បទល្មើសដែលត្រូវផ្ដន្ទាទោសនេះជាប្រភេទបទមជ្ឈិម។

បើតាម លោក​ កើត រិទ្ធិ ផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ, ទណ្ឌិតដែល ត្រូវបានផ្តន្ទាទោសដោយតុលាការអាចមាននីតិសម្បទាឡើងវិញ ផ្អែកតាមមាត្រា៥៣៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, និង ការផ្ដល់ឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ អាចត្រូវបានផ្ដល់ឱ្យឬមិនព្រមផ្តល់ឱ្យដោយសភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ដែលមានការប្រកាសផ្តន្ទាទោសដោយតុលាការនៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៍ ហើយតាមមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, សភាព្រហ្មទណ្ឌអាចពិនិត្យនិងសម្រេចលើការស្នើសុំឱ្យមាន នីតិសម្បទាឡើងវិញបាន លុះត្រាតែផុតរយៈពេល ៣ឆ្នាំ ចំពោះបទមជ្ឈិម ហើយរយៈពេលនេះត្រូវចាប់ផ្តើមគិត ពីការអនុវត្តទោសរួច។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បន្តថា ផ្អែកតាមមាត្រា៥៤១ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ, នីតិសម្បទាត្រូវមានឡើងវិញដោយពេញលក្ខណៈច្បាប់ នៅពេលផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃ អនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៥ឆ្នាំទេ ឬក៏ផ្តន្ទាទោសពិន័យ។

លោកបញ្ជាក់ទៀតថា​ ផ្អែកតាមមូលដ្ឋានច្បាប់ខាងលើ និងដោយហេតុថាលោក រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោស ស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល, ដូចនេះ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យ មាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ពាក់ព័ន្ធនឹងបញ្ហានេះ គ.ជ.ប បញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លោករ៉ុង ឈុន មិនអាចឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល បានទេ។ ពីព្រោះត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។

ត្រង់ចំណុចនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក លោក គីមសួរ ភីរិទ្ធ បញ្ជាក់ថា គណបក្សភ្លើងទៀន មិនមានដែលអ្វីត្រូវតវ៉ាជាមួយនឹងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ដែលមិនទទួលលោក រ៉ុង ឈុន ជាបេក្ខជនតំណាងរាស្រ្តឡើយ។ គណបក្សនឹងទៅតាមធ្វើតាមគ.ជ.ប គឹដកឈ្មោះលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនតំណាងរាស្រ្ត ហើយដាក់ឈ្មោះអ្នកផ្សេងជំនួសវិញ៕