ភ្នំពេញ ៖ កីឡាការិនី ស្រួង ភាវី ជាស្រ្តីខ្មែរបានស្វាមីជាជនជាតិកូរ៉េ បានបង្ហាញក្តីរំភើបជាខ្លាំង បន្ទាប់ពីដណ្តើមបានមេដាយមាសជូនជាតិនៃការប្រកួតកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសា ប៊ីយ៉ាការ៉ុម៣ បាំង (3-Cushion Carom)ក្រោយឈ្នះលើកីឡាការិនីវៀតណាម។ ដោយអ្នកនាងលើកឡើងថា ក្តីស្រម៉ៃ បានក្លាយជាការពិតហើយដែលបាននាំមេដាយមាសជូនជាតិមាតិភូមិខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។
ទោះបីជាជោគជ័យលើវិស័យកីឡាផ្នែកស្នូកឃ័រ និងប៊ីយ៉ា អ្នកនាងមិនភ្លេចឡើយចំពោះការផ្តល់កំលាំងពីស្វាមីដែលជាជនជាតិកូរ៉េខាងត្បូង ព្រោះអ្នកនាងឈានចូលមកកីឡានេះដែលបានល្បីឈ្មោះរន្ទឺនៅ ទូទាំងពិភពលោក ដោយសារមានការជំរុញពីស្វាមី ។ អ្នកនាងបន្តថា ស្វាមីខ្លួនបានអះអាងថា នឹងធ្វើឲ្យអ្នកនាងបានមេដាយមាសជូនប្រជាពលរដ្ឋម្តង(ខ្មែរ) ដូច្នេះអ្វីដែលស្វាមីលើកឡើងបានសម្រេចបំណង ហើយ។ នេះជាបទសំភាសន៍របស់អ្នកនាង នាថ្ងៃ៨ឧសភា ក្រោយឈ្នះវៀតណាម។
អ្នកនាងបន្តថា “ទោះបីជាខ្ញុំប្រកួតបានលើទឹកដីកូរ៉េ និងនៅលើពិភពលោកប៉ុណ្ណាក៏ដោយ អត់ស្មើ ដូចជាពេលនេះ ឱកាសនេះ វេលានេះ សម្រាប់ជូនប្រជាពលរដ្ឋខ្ញុំទេ ។ ដល់ចឹងក្តីសុបិន្តរយៈពេល១០ឆ្នាំខ្ញុំបានក្លាយជាការពិតហើយ ខ្ញុំផ្ទាល់សប្បាយមិនសំខាន់ តែខ្ញុំចង់ឲ្យប្រជាជនខ្ញុំសប្បាយជាមួយវិស័យកីឡា។ ខ្ញុំមិននឹកស្មានថា វិស័យកីឡាខ្ញុំមានប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តច្រើនបែបនេះសោះ”។
នេះជាប្រវត្តិសាស្រ្តថ្មីដែលខ្លួនរៀបការជាមួយប្តីជាជនជាតិកូរ៉េ ហើយក្លាយខ្លួនជាស្រ្តីដ៏ពូកែនៅលើទឹកដីកូរ៉េ ហើយរឹតតែអស្ចារ្យបានក្លាយខ្លួនជាវីរៈនារីនៅលើទឹកកម្ពុជាខ្លួនឯងទៀត ។ នេះជា សំដីពិតរបស់កីឡាការិនី ស្រួង ភាវី។
អ្នកនាងថា ដើម្បីតែវិស័យកីឡានេះ គឺស្វាមីអ្នកនាងមិនដែលឲ្យអ្នកនាងទៅប៉ះពាល់ចង្ក្រាន្តបាយម្តង ណាឡើយ ។
សម្រាប់ការប្រកួតរាល់លើកអ្នកនាងបានគូសបញ្ជាក់ទៅដល់អ្នកគាំទ្រថា ឲ្យតែគ្រប់ការប្រកួតដល់វគ្គ ផា្តច់ព្រ័ត្ត គឺមិនដែលឡើយភាពងាយស្រួល តែងតែមានការលំបាកជាខ្លាំង ប៉ុន្តែភាពលំបាកនេះ ត្រូវបានអ្នកនាងអះអាងថា ពោរពេញទៅដោយអត្ថន័យមួយដ៏អស្ចារ្យចំពោះអ្នកទស្សនា និងអ្នកធ្វើខុសគ្នា ។ ភាពជោគជ័យមិនមែនបានមកដោយមិនចំណាយអ្វីនោះទេ ត្រូវតែឆ្លងកាត់ឧបសគ្គ។
កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាសជាផ្លូវការ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឲ្យកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម ៣បាំងពីកីឡាការិនីវៀតណាម ៕