បាត់ដំបង៖ ប្តី និងប្រពន្ធវ័យចំណាស់ មួយគូបានដេកស្លាប់នៅគេហដ្ឋានរបស់ខ្លួន ត្រូវបានប្រទះឃើញ នៅចំណុចក្រុមទី១៨ ភូមិកំពង់ពិល ឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់ដំបង វេលាម៉ោង១២ និង ៣០នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៣ ។
យោងតាមរបាយការណ៍ឋម របស់សមត្ថកិច្ចបាន ឱ្យដឹងថា សាកសពប្ដីស្លាប់ដោយសារគាំងបេះដូង(អាចស្លាប់នៅថ្ងៃទី៥ ឧសភា ២០២៣)។ រីឯ សាកសពប្រពន្ធស្លាប់ដោយសារអត់អាហារនិងជម្ងឺដំប៉ៅក្រពះអាចស្លាប់នៅថ្ងៃទី០៧ ឧសភា ២០២៣។ បច្ចុប្បន្នសាកសពទាំងពីរបានប្រគល់ឲ្យកូនធ្វើបុណ្យតាមប្រពៃណី។
របាយការណ៍នេះបន្តថា សាកសពជនរងគ្រោះចំនួនពីរនាក់ រួមាន សាកសពជនរងគ្រោះប្ដីឈ្មោះសូ សំអឿន អាយុអាយុ៧៦ឆ្នាំ មុខរបរចាស់ជរា និង -សាកសពជនរងគ្រោះប្រពន្ធឈ្មោះ អុិត លឿតអាយុ៦៦ឆ្នាំ មុខរបរពិការ រស់នៅភូមិឃុំកើតហេតុខាងលើ។
របាយការណ៍ដដែលនេះរៀបរាប់ទៀតថា នៅថ្ងៃទី៥ ឧសភា ២០២៣ វេលាម៉ោងប្រហែល៦និង៣០នាទី ឈ្មោះ សូ ច័ន្ទដុល្លា ភេទប្រុស អាយុ៣៣ឆ្នាំបានទូរស័ព្ទមកឪពុកខ្លួនតែមិនលើក។ លុះ នៅថ្ងៃទី០៧ ឧសភា ២០២៣ ខ្លួនបានជិះម៉ូតូកង់បីជាមួយប្រពន្ធកូនពីខេត្តបន្ទាយមានជ័យមករកឪពុកខ្លួននៅផ្ទះវេលាម៉ោងប្រហែល១០ និង០០នាទី ពេលមកដល់ឃើញទ្វាររបងមិនចាក់សោរនិងទ្វារផ្ទះក៏មិនចាក់សោរដែរ ខ្លួនបានឃើញឪពុកដេកស្លាប់លើប៉ាវអុី ចំណែកឯម្ដាយដេកស្លាប់លើគ្រែ។
យោងតាមការបំភ្លឺរបស់កូនប្រុសបង្កើតជនរងគ្រោះឈ្មោះសូ ច័ន្ទដុល្លា អាយុ៣៣ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ បានបំភ្លឺថានៅថ្ងៃទី០៥ ឧសភា ២០២៣ វេលាម៉ោងប្រហែល៦ និង៣០នាទី ខ្លួនបានទូរស័ព្ទមករកឪពុកខ្លួនតែមិនចូលខ្លួនក៏ធ្វើដំណើរពីខេត្តបន្ទាយមានជ័យមកផ្ទះឪពុកខ្លួននៅបាត់ដំបងនៅថ្ងៃទី០៧ ឧសភា ២០២៣ វេលាម៉ោង១០ និង០០នាទី ដោយម៉ូតូកង់បីជាមួយនឹងក្រុមគ្រួសារប្រពន្ធកូនពេលមកដល់ផ្ទះឪពុកខ្លួន ខ្លួនបានឃើញទ្វាររបង និងទ្វារផ្ទះអត់ចាក់សោរ ខ្លួនបានចូលទៅឃើញឪពុកដេកស្លាប់លើប៉ៅអ៊ីនិងម្ដាយដេកស្លាប់លើគ្រែ។
កាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៣ ខ្លួនបានជូនឪពុកម្តាយទៅសម្រាកពេទ្យកែស៊ីនួនដោយឪពុកមានរោគប្រចាំកាយលើសឈាម ទឹកនោមផ្អែមទឹកនោមប្រៃ ចំណែកម្តាយមានជម្ងឺពុកឆ្អឹងខ្នងដើរពុំរួច និងរលាកក្រពះ។
តាមការបំភ្លឺរបស់កូនស្រីបង្កើតជនរងគ្រោះឈ្មោះសូ ចន្ធូ អាយុ៤២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានបំភ្លឺថានៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល១០ព្រឹក ប្អូនប្រុសខ្លួនឈ្មោះ សូ ច័ន្ទដុល្លា បានជិះម៉ូតូកង់បីមកប្រាប់ខ្លួនដល់ផ្ទះថាឪពុកម្ដាយបានដេកស្លាប់នៅផ្ទះខ្លួនក៏ធ្វើដំណើរពីរនាក់បងប្អូនមកផ្ទះឪពុកម្ដាយឃើញគាត់ដេកស្លាប់មែន។ក្រោយមកក៏រាយការណ៍ជូនសមត្ថកិច្ច។
តាមការបំភ្លឺរបស់អ្នកជិតខាងឈ្មោះ វ៉េត វារីភេទស្រី អាយុ២៩ឆ្នាំ បានបំភ្លឺថានៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ខ្លួនមិនឃើញជនរងគ្រោះចេញចូលផ្ទះដូចសព្វដង។លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ទើបទទួលដំណឹងថាជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធដេកស្លាប់ក្នុងផ្ទះ៕