ភ្នំពេញ៖ លោក សៅ សុខា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា នៅយប់ថ្ងៃទី៧ ឧសភានេះ បានប្រកាសចាកចេញពីកៅអីជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមបាល់ទាត់កម្ពុជាបរ៉ាជ័យក្នុងលទ្ធផល២ទល់០ជាមួយក្រុមបាល់ទាត់មីយ៉ាន់ម៉ា។
លេីបណ្តាញទំនាក់ទំនងសង្គមរបស់លោក លោក បានបញ្ជាក់ថា”បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ “។
ជាមួយគ្នានេះដែរលោកក៏ប្រកាសប្រគល់ជូនលោក ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ។
“ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រខ្ញុំអោយបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោសដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ”។ នេះគឺជាការគូសបញ្ជាក់របស់លោក សៅ សុខា។
ជាចុងក្រោយ លោកក៏ខ្ញុំអរគុណអនុប្រធាន សមាជិកគណះកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយលោកធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ។ លោកសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គល់គ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អជានិច្ច ៕