ភ្នំពេញ:នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០៖៥១នាទី លោកប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោក ឡេង ប៊ុនហួរ ជានាយការិយាល័យ បានចុះល្បាតតាមដងផ្លូវលេខ៩៥កែងផ្លូវលេខ៣២០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ដែលកំពុងជិះម៉ូតូ តែមិនបានសម្រេច។
ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី៧ ខែឧសភានេះឲ្យដឹងថាភ្លាមនោះកម្លាំងជំនាញធ្វេីការប្រដេញរហូត ដល់ចំនុចផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់។
ប្រភពដដែលនេះបន្តថា ក្រោយមកកម្លាំងជំនាញក៏បន្តប្រដេញតាមឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀត នៅចំនុចមុខសួនវត្តបុទុមវត្តីផ្លូវព្រះសុធារស។ សំភារៈដកហូតមាន ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ និងម៉ូតូម៉ាក Suzuki Nex ពណ៌សលាយទឹកក្រូច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបួននាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ នៅខណ្ឌបឹងកេងកងប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕