ក្រុមហ៊ុនកំពត និងក្រុមហ៊ុនចិន ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត

ភ្នំពេញ៖ ក្រុមហ៊ុន KAMPOT LOGISTIC AND PORT COMPANY LIMITED និងក្រុមហ៊ុន CHINA HARBOUR ENGINEERING COMPANY LTD ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងលើផ្ទៃដីប្រតិបត្តិការទំហំ600ហិកតាកំពតស្ថិតនៅភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅថ្ងៃ5 ខែឧសភា ឆ្នាំ2023 ក្រមវត្តមាន និងធ្វើជាសាក្ខីភាព ពីសំណាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន និងក្រុមការងារនៃក្រុមហ៊ុនជាហត្ថលេខីទាំងពីរ ជាច្រើនរូបផងដែរ។

កំពង់ផែនេះ ត្រូវបានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ2022 ហើយកំពុងពង្រីកជាបន្តបន្ទាប់ផងដែរ។ កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក ដែលបច្ចុប្បន្ន កំពង់ផែនេះមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី 6០ ០០០តោន ដល់ 1០០ ០០០តោន អាចចូលសំចតបាន។

ក្រុមហ៊ុនបានខិតខំក្នុងការពង្រីកកំពង់ផែនេះជាបន្តបន្ទាប់ និងបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យ ដើម្បីបង្កើនប្រតិបត្តិការអាជីវកម្ម ការនាំទំនិញចេញចូល ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបី ដែលអាចឱ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់ពាណិជ្ជករ និងអ្នកវិនិយោគទុន។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាពការងារ និងបន្តពង្រឹងសមត្ថភាពដល់កម្មករ និងបុគ្គលិកជំនាញ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីពន្លឿនប្រតិបត្តិការការងារ និងកាត់បន្ថយការប្រើប្រាស់ពេលវេលាសម្រាប់អតិថិជនផងដែរ៕