ហ៊ានមែន! ចូលគាស់ទូរកុងតឺន័រ ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្រ្កាបបាន

ភ្នំពេញ:ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបេីកការស៊ើបអង្កេតស្រាវជ្រាវ ដោយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥៖១៥នាទី លោក ខេង ម៉េងឈាង បានដឹកនាំកម្លាំងជំនាញការិយាល័យ ធ្វេីការបង្រ្កាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆេង សុខគង់ ភេទប្រុស អាយុ៥១ឆ្នាំ ត្រង់ចំណុចភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីលួច ចំណែកបក្ខពួកនៅសេសសល់បានកំពុងគេចខ្លួន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៦ ខែឧសភានេះ ឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និង ផកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ប្រភពដដែលនេះឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ុម ប៊ុនវិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ តំណាងក្រុមហ៊ុន BRANCH OF PHUOC LONG PORT CAMPANY LIMITED ប្តឹងឈ្មោះ ឆេង សុខគង់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបេីកបររថយន្តកុងតឺន័រ ពាក់ព័ន្ធករណីលួចយកកាតុងចំនួន៩៤ (ក្នុង០១កាតុង មានស្បែកជេីងចំនួន១០គូ) កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

តាមចម្លេីយជនសង្ស័យឈ្មោះ ឆេង សុខគង់ បានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានធ្វេីសកម្មភាពកាត់សោរទូរកុងតឺន័រ និងសៀលលួចយកកាតុងចំនួន៩៤ (ក្នុង០១កាតុងមានស្បែកជេីងចំនួន១០គូ) ប្រាកដមែន។

បច្ចុប្បន្នការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យខាងលេីទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកដែលនៅសេសសល់ កម្លាំងជំនាញកំពុងបន្តស្វែងរកយកមកផ្តន្ទាទោសតាមច្បាប់៕