ប៉ីប៉ីលី ជាសកម្មជនបក្សភ្លើងទៀន សូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ ប៉ីប៉ីលីជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិហើយបច្ចុប្បន្នជាមន្ត្រីគណបក្សភ្លើងទៀនដែលរិះគន់ឥតសន្សំចៃមាត់បានសូមមកចូលរួមក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ការសូមចូលរួមនេះត្រូវបានសម្តេច ហ៊ុន សែន ប្រធានគណបក្សបង្ហាញក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ៥ ឧសភា។

បើតាមសម្តេចបង្ហាញទៀតថា “មុននេះបន្តិច (យប់មិញ)ខ្ញុំបានទទួលវីដេអូរបស់កូនស្រីប៉ីប៉ីលីនិងស្វាមីដែលសុំអភ័យទោសនិងសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ”។

សម្តេចថា ក្នុងវីដេអូនេះប៉ីប៉ីលីបានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលជួបប្រទះក្នុងបក្សប្រឆាំង។

សម្តេចឲ្យដឹងទៀតថា ក្នុងនាមគណបក្ស ប្រជាជនកម្ពុជាសម្តេចស្វាគមន៍ទទួលយកតាមសំណើររបស់ប៉ីប៉ីលីនិងស្វាមីដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្តេចស្នើប៉ីប៉ីលីទុករឿងអតីតកាលមួយអន្លើ និងខិតខំរួមគ្នាធ្វើដំណើរឆ្ពោះទៅមុខដើម្បីសេចក្តីសុខរបស់ជាតិនិងការរីកចម្រើនក្នុងគ្រួសារក៏ដូចជាសង្គមជាតិ៕