ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បាន លើកឡើងថា ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) នារាត្រីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋ ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ។
តាមរយៈបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី ៦ ខែឧសភានេះ សម្តេច ហ៊ុន សែន បញ្ជាក់ថា ពួកគេ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និង ការសម្ដែងដ៏អស្ចារ្យរបស់ សិល្បករ សិល្បការិនី ដែលបានបង្ហាញទៅពិភពលោកអោយកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។
បើតាម សម្តេច ហ៊ុន សែន ព្រឹត្តិការណ៍ស៉ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុត នៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រពុំធ្លាប់មានពីមុនមកនេះ។
សម្តេច ហ៊ុន សែន បន្តថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់ដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕