សភាពាណិជ្ជកម្មកម្ពុជា និង រដ្ឋាភិបាលវីចតូរីយ៉ាទីក្រុងមែលប៊នពិភាក្សាពិនិត្យលទ្ធភាពសហប្រតិបត្តិការ

អូស្រ្តាលី៖ សភាពាណិជ្ជកម្មកម្ពុជា និង រដ្ឋាភិបាលវីចតូរីយ៉ាទីក្រុងមែលប៊នពិភាក្សាគ្នា ដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលទីក្រុងមែលប៊ន និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជានិងអូស្ត្រាលី។

កិច្ចពិភាក្សាធ្វើឡើង ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ រវាង ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោកស្រី ឡូរ៉ា បឺក ប្រធានតំបន់អាស៊ីយអាគ្នេយ៍ នៃ រដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

លោកស្រី ឡូរ៉ា បានលើកឡើងពីកំណើននៃទំហំពាណិជ្ជកម្មនិងការនាំចូលទំនិញពីកម្ពុជាមកទីក្រុងមែលប៊ន និងបានជម្រាបអំពីគោលនយោបាយគាំទ្រនានារបស់រដ្ឋាភិបាលអូស្រ្តាលីចំពោះវិនិយោគិនបរទេស ដែលមានបំណងវិនិយោគនៅទីក្រុងមែលប៊ន។ លោកស្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជានិងអូស្ត្រាលីផងដែរ។

ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្ត្រាលី និងគាំទ្រដល់ការជំរុញធុរកិច្ចនិងវិនិយោគទ្វេភាគីឲ្យកាន់តែច្រើនឡើងថែមទៀត។ ឧកញ៉ា ក៏បានចែករំលែកអំពី ឱកាសធុរកិច្ច វិនិយោគ សក្តានុពល និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាផងដែរ និងបានជម្រាបជូនអំពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញធុរកិច្ច និងវិនិយោគប្រទេសទាំងពីរ៕