អ្នកនាំពាក្យក្រសួងព័ត៌មាន សូមការយោគយល់ករណីមិនអនុញ្ញាតឲ្យអ្នកថតរូប និងព័ត៌មានទាំងអស់ចូលក្នុងថ្ងៃបើកសម្ពោធស៊ីហ្គេម

ភ្នំពេញ ៖ ដោយសារតែមានការរិះគន់ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានធ្វើការបកស្រាយចំពោះករណីមិនអនុញ្ញាតឲ្យក្រុមអ្នកថតរូប និងអ្នកព័ត៌មានចូលរួមក្នុងព្រឹត្តិការណ៍បើកសម្ពោធកីឡាស៊ីហ្គេម នាល្ងាចថ្ងៃ៥ ឧសភានេះ ។ ការបកស្រាយនេះ លោកផ្តោតជាសំខាន់ថា ដោយសារតែកន្លែងមានកំណត់។

“ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមជម្រាបជូនថា គឺដោយសារចំនួនអ្នកសារព័ត៌មានច្រើន និងកន្លែងមាន កំណត់ ទើបមិនអាចអនុញ្ញាតជូនអ្នកសារព័ត៌មានទាំងអស់អាចចូលយកព័ត៌មាន និងផ្តិតយករូបភាព ក្នុងពិធីបើកនេះបាន តាមការចង់បានរបស់ពួកគាត់”។ នេះបើតាមលោក មាស សោភ័ណ្ឌ ប្រាប់នារសៀលថ្ងៃ៥ ឧសភា មុនពេលប៉ុន្មានម៉ោងបើកសម្ពោធជាផ្លូវការកីឡាស៊ីហ្គេម ។

លោកបន្តថា ហេតុដូច្នេះហើយបានជាគណៈកម្មការព័ត៌មាន និងផ្សាយនៃគណៈកម្មការជាតិ CAMSOC បានអនុញ្ញាតឲ្យការីថតផ្លូវការ(Host Photographer) និងអ្នកសារព័ត៌មាន នៃប្រទេសសមាជិកបានចូលរួមចុះយកព័ត៌មាន និងផ្តិតយករូបភាពពិធីបើកបិទនៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣នេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកថា គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអាចបើប្រាស់រូបភាពផ្សេងៗ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣នេះរបស់ខ្លួន(គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ)ដោយសេរី ក្នុងគោលដៅផ្សព្វផ្សាយកីឡានេះឲ្យកាន់តែទូលំទូលាយដល់សាធារណៈជនទូទាំងកម្ពុជា និងលើឆាកអន្តរជាតិ ។

លោកឲ្យដឹងបន្តថា “រូបភាពផ្សេងៗនៃព្រឹត្តិការណ៍នេះ អ្នកសារព័ត៌មានអាចទំនាក់ទំនងនៅមណ្ឌលព័ត៌មានកណ្តាល (Main Press Center – MPC)។ សម្រាប់ការកំណត់ចំនួនបែបនេះ មិនមែនជាករណីដោយឡែកតែកម្ពុជានោះទេ។ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ក៏សូមការសហការ និងយោគយល់ពីអ្នកសារព័ត៌មានទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ស៊ីហ្គេមនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិកម្ពុជារបស់ទាំងអស់គ្នា” ៕