ព្រះសីហនុ៖ លោក ផាត់ ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បានសម្រេច ឃុំខ្លួន លោក ដេវីដ ឆាណាយវ៉ា នៅពន្ធនាគារខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈ។
យោងតាមដីការឃុំខ្លួនដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ លោក ផាត់ ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បាន បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ ៥១ឆ្នាំ(កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧២) ជនជាតិខ្មែរ (ដែលមានសាវតា ជាតិដូចខាងលើ) ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ លោក ក៏បាន បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលយកជននេះនិងឃុំខ្លួនជន៍នេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ និង បង្គាប់ឱ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្ត ឱ្យបានល្អនៅក្នុងករណីចាំបាច់។
លោក ដេវីដ ឆាណាយវ៉ា ត្រូវបានប្តឹងដោយ ធនាគារកាណាឌីយ៉ា ទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និង ពីបទបរិហារកេរ្តិ៍ជាសាធារណៈចំនួន ពីបទ គឺ ៖ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ពបទ៖ ញុះញង់ឲ្យមានការរើសអើង និងបទ៖ កុបកម្មដោយញុះញង់ដោយផ្ទាល់ឲ្យមានការប្រមូលផ្ដុំកុបករជាដើម៕