ប្លែកណាស់! ស្ត្រីម្នាក់ បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធី ត្រូវបានចាប់ខ្លួន នៅពោធិ៍សាត់

ពោធិ៍សាត់៖ ស្ត្រីម្នាក់ដែលគេតែងតែឃើញស្លៀកពាក់សមសួន បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីនិងដើរបោកពលរដ្ឋនៅខេត្តពោធិ៍សាត់នោះឥឡូវត្រូវបានសមត្ថកិច្ចចាប់ញាត់គុករួចរាល់ហើយបន្ទាប់ពីបែកការត្រឹមអភិបាលខេត្តថ្មីឈ្លាសវៃមានការសង្ស័យ ។

លោក ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី ៤ ខែឧសភា ឲ្យដឹងថា ការចាប់ខ្លួនជំទាវក្លែងក្លាយខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៣ ខែឧសភាឆ្នាំ ២០២៣ ក្នុងក្រុងពោធិ៍សាត់ ។ ស្ត្រីជាប់ចោទមាន ឈ្មោះ ហុីម មុំ អាយុ ៥៣ ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាល និងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ២៤ ផ្លូវលេខ១០៨ ភូមិ 18 សង្កាត់បឹងកក់ទី ២ខណ្ឌទួលគោករាជធានីភ្នំពេញ។

លោកបន្តថា ស្ត្រីខាងលើនេះត្រូវបាន លោក ឡុញ ច័ន្ចចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ២៤៥ ចុះថ្ងៃទី ៤ខែឧសភាឆ្នាំ ២០២៣ នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុង ខែកក្កដា ឆ្នាំ ២០២១កន្លងទៅ។

លោកបន្ថែមថា ដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន ១៧,៧០០ ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋ ខ្លះទៀតអស់ចំនួន១៨,000 ដុល្លារ ១៥.000 ដុល្លារ ដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី៥ទៅ៦លានរៀលផងដែរ។

ប្រភពពីអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីជាប់ឃុំខាងលើចូលរួមអង្គុយជាកិត្តិយសនិងថតរូបស្ទើរគ្រប់កម្មពិធីទាំងអស់ដោយហៅថាជាលោកជំទាវ ៗចាប់តាំងពីជំនាន់លោក ម៉ៅ ធនិន ជាចៅហ្វាយខេត្តពោធិ៍សាត់មកម្ល៉េះដោយគ្មាននណាម្នាក់បានដឹងឡើង។ ទើបបែកការត្រឹមលោក ខូយ រីដាអភិបាលខេត្តថ្មីចាប់អារម្មណ៍ មានការសង្ស័យ ដាក់ផែនការឲ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចស៊ើបអង្កេតលេចធ្លាយចេញជាករណីឆបោកប្រជាពលរដ្ឋនិងមានបណ្ដឹងចាប់ខ្លួនញាត់គុកតែម្ដង៕