តាកែវ៖ រដ្ឋបាលខេត្តតាកែវនឹងបើក កិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងខេត្ត ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន របស់ឧកញ៉ា ជាសារ៉ន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលប្រជុំរដ្ឋបាលខេត្ត ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី ៤ ខែ ឧសភានេះ បាន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ដែលមាន ការពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប ថា រដ្ឋបាលខេត្ត នឹងរៀបចំកិច្ចប្រជុំមួយដែលប្រព្រឹត្ត ទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលប្រជុំរដ្ឋបាលខេត្ត (លើអគារ ច្រកចេញចូលតែមួយ) ដើម្បីពិភាក្សានិងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែល មានការពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប ។
ឧកញ៉ា ជា សារ៉ន និងមនុស្សជិត១០នាក់ទៀត ត្រូវបានតុលាការខេត្តកំពត សម្រេចឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធករណី ឆរបោក ប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគដីឡូតិ៍ នៅស្រុកឈូកខេត្តកំពត និងខេត្តផ្សេងទៀត ។ ការឃុំ ខ្លួនឧកញ៉ា វិយោគដីឡូតិ៍នេះ ធ្វើឡើង ខណៈដែល លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបើកវេទិកាសាធារណៈជាមួយពលរដ្ឋរាប់ពាន់គ្រួសារដែលអះអាងថា ចាញ់បោកក្រុមហ៊ុនអស់ប្រាក់សរុបជិត៤០លានដុល្លារ។
ការឃុំខ្លួន ឧកញ៉ា រកស៊ីដីឡូតិ៍ ជា សារ៉ន និងមនុស្សជិត១០នាក់ទៀតនោះ គឺដោយសារតែមានពលរដ្ឋយ៉ាងហោចណាស់ ២,៤៦១ គ្រួសារ មានសរុបទឹកប្រាក់ជិត៤0លានដុល្លា ទាំងនៅខេត្តកំពត និងខេត្តផ្សេងៗទៀត ត្រូវចាញ់ការបោកបញ្ឆោត របស់ក្រុមវិនិយោគដីឡូតិ៍ ជា សារ៉ន រៀលធី៕