កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ជប៉ុន លើវិ័ស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រំពឹងកើនឡើងកាន់តែល្អប្រសើរ

ជប៉ុន៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ជប៉ុន លើវិ័ស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រំពឹងកើនឡើងកាន់តែល្អប្រសើរ តាមរយៈការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍កម្ពុជានៅទីក្រុងតូក្យូ និងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ។

លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា២០២៣» នៅក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ឱ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានជាង ២៤៥៤ លានដុល្លារ ក្នុងនោះ ជប៉ុននាំចេញទៅកម្ពុជា មានទឹកប្រាក់ប្រមាណ ៥១៥ លានដុល្លារ និងនាំចូលពីកម្ពុជាមកវិញ មានទឹកប្រាក់ប្រមាណ ១៩៣៩ លានដុល្លារ។

ជាមួយគ្នានេះ លោកបានចាត់ទុកការចូលរួមពិព័រណ៍កម្ពុជានៅពេលនេះ ជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរ សេវាកម្ម គម្រោងវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានការទទួលស្គាល់ក្នុងទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។

លោកបន្តថា កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការចូលរួម “ពិព័រណ៍ពិភពលោក ២០២៥” រយៈពេល ០៦ខែ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ដែលតាមរយៈការចូលរួមពិព័រណ៍ពិភពលោកនេះ ធ្វើឱ្យកម្ពុជាមានសិទ្ធិ ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងការទូតរវាងកម្ពុជានិងប្រទេសម្ចាស់ផ្ទះ ក៏ដូចជារវាងបណ្តាប្រទេសអ្នកចូលរួម នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀត។ លើសពីនេះទៀត ពិព័រណ៍ពិភពលោក ក៏នឹងផ្តល់ឱកាសឱ្យពាណិជ្ជករ ក្រុមហ៊ុន សហគ្រាសកម្ពុជា បានជួបចរចាផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទៅវិញទៅមក ជាអន្តរជាតិផងដែរ។

«តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា និងពិព័រណ៍ពិភពលោក២០២៥ ខ្ញុំរំពឹងថាកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានវឌ្ឍភាពល្អឡើងថែមទៀត» លោក ឈួន ដារ៉ា បានគូសបញ្ជាក់។

ក្នុងអំឡុងពេលចូលរួមពិព័រណ៍កម្ពុជានេះដែរ លោក បានសហការជាមួយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញដឹកនាំប្រតិភូចុះទៅពិនិត្យមើលមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា និងជួបពិភាក្សាជាមួយប្រធានគ្រប់គ្រងមជ្ឈមណ្ឌល ដើម្បីជួយសម្រួលឱ្យមជ្ឈមណ្ឌលដំណើរការទៅមុខដោយជោគជ័យ។ លោក ក៏បានជួបជាមួយក្រុមហ៊ុនជប៉ុនធំៗមួយចំនួន ដើម្បីពិភាក្សា និងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាថែមទៀត នៅទីក្រុងទូក្យូ និងទីក្រុងអូសាកា ក្នុងឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០២៣នេះ មានរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ហើយមានស្តង់ប្រមាណ ១០០ស្តង់ បានដាក់តាំងបង្ហាញឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ប្រពៃណីខ្មែរ និងទេសចរណ៍ ព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មខ្មែរ ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា។ នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕