លោក គួច ចំរើន បញ្ជាឱ្យចាប់គោរបស់អ្នកស្រុកដាក់លើរថយន្តជាច្រើនក្បាល

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជា ឱ្យចាប់គោរបស់អ្នកស្រុកជាច្រើនក្បាលដែលដើរនៅលើដងផ្លូវ ដាក់លើរថយន្ត កាលពីយប់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីស្វែងរកមុខម្ចាស់ ក្រោយពីប្រាប់មិនស្តាប់។

តាមរយៈបណ្តាញសង្គម លោក គួច ចំរើន ថ្លែងថា «ប្រាប់ហើយមិនស្ដាប់ ចាប់គោចងដាក់ឡាន ទាំងយប់ យកទៅទុកម្ដងមើល ។ គ្រោះថ្នាក់គឺ អាយុជីវិតមនុស្ស ហេតុអ្វីនៅតែលែងអោយដើរតាមថ្នល់ទៀត ? ក្ដៅបន្តិចហើយ ចង់ឃើញមុខម្ចាស់គោម្ដង»។

សូមរំលឹកថា លោក គួច ចំរើន កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ បានប្រាប់ម្ចាស់គោឱ្យ ប្រញ៉ាប់ចាប់គោ ទៅចងខ្សែរ ឬដាក់ក្រោល អោយបានត្រឹមត្រូវ កុំអោយគេចាប់យកទៅរក្សាទុក និង កុំឱ្យបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សដែលធ្វើដំណើនៅលើដងផ្លូវជាតិលេខ ៤ ព្រោះនេះ មិនមែនសេរីភាពគោនោះទេ ៕