ក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ការគ្រប់គ្រងកិច្ចការរដ្ឋបាល រដ្ឋបាលក្រុង-ស្រុក

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពីការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលក្រុង-ស្រុក។

ទិដ្ឋភាពទូទៅនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង-ស្រុក បានឲ្យដឹងថា រាជរដ្ឋាភិបាលទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រុង-ស្រុក ក្នុងការជំរុញ និងការលើកកម្ពស់លើការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុកនីមួយៗ។

ក្នុងន័យនេះ និងផ្អែកតាមការវិវឌ្ឍនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីមុខងារនិងរចនាសម្ពន្ធរបស់រដ្ឋបាលក្រុង និង អនុក្រឹត្យ ស្តីពីមុខងារនិងរចនាសម្ពន្ធរបស់រដ្ឋបាលស្រុក ក្នុងគោលបំណងកែសម្រួលរចនាសម្ពន្ធនិងមុខងាររបស់រដ្ឋបាលក្រុង-ស្រុកឲ្យក្លាយជារដ្ឋបាលមូលដ្ឋាន ជួរមុខដែលមានប្រព័ន្ធគ្រប់គ្រងស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព សំដៅលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាននិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុក នីមួយៗ កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ៕