សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់មុខសញ្ញាគប់កញ្ចក់រថយន្ដដ៏សកម្មម្នាក់នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ឱ្យ ដឹងថា កាលពីវេលាម៉ោង១៩:៣៥នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវក្នុងភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ-រថយន្ដដឹកកម្មករ-កម្មការិនី ដែលធ្វើដំណើរឆ្លងកាត់តាមភូមិសាស្រ្ដខាងលើបណ្តាលអោយបែកកញ្ចក់ផ្នែកខាងមុខ ។

បើតាមសមត្ថកិច្ចខេត្តកំពង់ស្ពឺ រថយន្ដបែកកញ្ចក់ជាកម្មសិទ្ធរបស់ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តម៉ាកហុីយិនដាយ កូរ៉េពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A-8710 ។

ដោយបានការយកចិត្ដទុកដាក់និងចង្អុលការណែនាំ ពី លោក សម សាមួន ស្នងការនគរបាលខេត្ដ នាព្រឹកថៃ្ង០២ ខែឧសភា ឆ្នាំ២០២៣ លោក ឃុត សុផល អធិការ នគរបាលស្រុកសំរោងទង បានស្រាវជ្រាវនិងឈានទៅឃាត់ជនសង្ស័យម្នាក់មានឈ្មោះ ហ៊ុន ហាន ហៅឡុញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នសមត្ថកិច្ចបាននាំជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីសាកសួរនិងចំណាត់ការតាមនីតិវិធីបន្ដ៕