ភ្នំពេញ៖ ក្នុងឱកាស ” ទិវាសេរីភាពសារព័ត៌មានសកលលោក ” លើកទី ៣០ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសារលិខិត សម្តេច ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៣ ខែឧសភានេះ ឱ្យដឹងថា តាមរយៈការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យ វិស័យសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរជាទីមោទកៈដោយមធ្យោបាយ នៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលា និងគ្រប់ទីកន្លែង។
សារលិខិតដដែលបន្តថា ទន្ទឹមនឹងការរីកចម្រើនន ប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប និងបរិមាណអង្គភាពសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដ៏ច្រើន លើសលប់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏យើងត្រូវគិតគូរអំពីគុណភាព និងការទទួល ខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ។
បើតាមសម្តេច ហ៊ុន សែន ព្រោះប្រព័ន្ធផ្សព្វផ្សាយ ជាអាវុធមុខពីរដែលធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនតាមរយៈការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការអភិវឌ្ឍប្រទេសជាតិ ការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ហើយប្រព័ន្ធផ្សព្វផ្សាយ ក៏អាចធ្វើឱ្យប្រទេសជាតិជួបប្រទះភាពចលាចល វឹកវរ នៅក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានមិន ពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់បំពុលសង្គមដែលអាចធ្វើឱ្យប្រទេសជាតិអន្តរាយ ដែល ទាមទារឱ្យយើងទាំងអស់គា្ន ជាពិសេសសា្ថប័នព័ត៌មាន និងអ្នកសារព័ត៌មានត្រូវតែចូលរួមប្រយុទ្ធ ប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ដែលបង្កឡើងដោយក្រុមឱកាសនិយម មួយក្ដាប់តូច និងជនខិលខូចជ្រកក្រោមស្លាកសារព័ត៌មានដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យ ប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិជាតិ និងកិត្តិយស សេចក្ដីថ្លថ្នូររបស់អ្នកសារព័ត៌មាន និង សា្ថប័នសារព័ត៌មានទាំងមូល។
ឆ្លៀតក្នុងឱ្យកាសនេះផងដែរ សម្តេចបញ្ជាក់បន្ថែមថា ថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងរៀបចំពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេច សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនឹងចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមឱ្យគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដោយរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីលានប្រកួត និងតាមទីតាំងផ្សេងៗ ដើម្បីឱ្យការ រៀបចំការប្រកួតបានប្រព្រឹត្តិទៅដោយភាពលូន គ្មានការរំខានដល់ការប្រកួត និងចូលរួមផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិជូនប្រព័ន្ធ ផ្សព្វផ្សាយជាតិ និងអន្តរជាតិធ្វើការផ្សព្វផ្សាយដោយឥតគិតថ្លៃ និងចូលទស្សនាព្រឹត្តិការណ៍ ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយឥតគិតថ្លៃ៕